17/11/23 10:16 AM
ខេត្តកណ្តាល៖ ថ្លែងនៅក្នុង កិច្ចប្រជុំត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ចាក់ថា ខេត្តគ្រោងបញ្ជូនទូកទៅចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ចំនួន ១០១ទូក ក្នុងនោះមានទូកពិសេសចំនួន ២២ទូក ខណៈដែលមានក្នុងពិធីនេះនឹងមានទូកចូលរួមសរុបប្រមាណជាង ៣៣៨ ទូក។
ឯកឧត្ដមអភិបាលខេត្ត បានធ្វើការណែនាំ ដល់អភិបាលក្រុង-ស្រុកដែលមានទូកចូលរួមប្រណាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការមើលថែទាំសុខមាលភាព សុខសុវត្ថិភាព ការស្នាក់នៅ និងការហូបចុក ជូនដល់កីឡាករ-កីឡាករនី ឱ្យបានល្អបំផុត ជាពិសេសត្រូវមានវត្តមាន ដើម្បីជួយឧបត្ថម្ភគាំទ្រ មើលការខុសត្រូវ ឱ្យបានជាប់ជាប្រចាំជាមួយកីឡាករ-កីឡាករនីផងដែរ។
ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវ ផ្សព្វផ្សាយនូវរាល់បទបញ្ជាផ្ទៃដែលគណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានកំណត់ និងត្រូវអប់រំណែនាំបន្ថែមដល់កីឡាករ-កីឡាករនីទាំងអស់ត្រូវតែមានវិន័យ សេចក្ដីថ្លៃថ្លូរ ទូកត្រូវមានសុភ័ណ្ឌភាព គ្រប់កីឡាករ-កីឡាករនីត្រូវមានឯកសណ្ឋានសមរម្យ គ្រប់ចំណុះទូកត្រូវធ្វើការប្រកួតឱ្យអស់ពីសមត្ថភាពមិនត្រូវបោះបង់ចោលការប្រកួតឡើយ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្ដាខេត្ត-ក្រុងមួយចំនួនសរុបប្រមាណជាង ៣៣៨ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត ២ម៉ឺននាក់ ។
ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា ២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងក្នុងខណ្ឌឫស្សីកែវ មួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា មួយទីតាំងទៀត ហើយទីតាំងទាំង ២នេះបានរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យ រួមជាស្រេច។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានប្រវត្តតាំងពីបរមបុរាណដ៏យូរលង់មកហើយ ទាំងអស់គ្នា។