22/11/23 08:22 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង)៖ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
មានប្រសាសន៍បេីកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណក្នុងខេត្តជាពិសេសក្នុងឱកាសប្ររព្ធពិធីប្រណាំងទូកកាលពីថ្ងៃទី១៨-១៩ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានល្អប្រសើរ ព្រមទាំងបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្តទាំងការងារសង្គម និងការងារមនុស្សធម៌ ការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗជាដេីម។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ ។
២.មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវសហការតាមដាន និងគាំទ្រដល់ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផល និងរកទីផ្សារក្នុងការប្រមូលទិញស្រូវពីប្រជាកសិក ក្នុងនោះត្រូវពិនិត្យតាមដានការដាំដុះឡើងវិញនូវករណីស្រូវប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង រួមទាំងកា រផ្តល់នូវគ្រាប់ពូជផងដែរ។
៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យអញ្ជើញទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរ និងបង់ពន្ធអចលនទ្រព្យ ឲ្យបានទាន់ពេលកំណត់ ។
៤- មន្ទីរការងារនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដាននិងអនុវត្តវិធានការច្បាប់លេីជនទាំងឡាយណាដែលឆបោកលុយពីកម្មកររោងចក្រ ក្នុងលេសអោយចូលបម្រេីការងារនៅតាមរោងចក្រណាមួយ។
៥-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព ៕
ដោយ:PK