ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង​ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តក្រចេះ សម្រាប់ការិយបរិច្ឆេទ២០២២


ត្រលប់ក្រោយ

23/11/23 14:41 PM

ចំនួនទស្សនា៖

510

ប្រភព៖

ក្រចេះ

ក្រចេះ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តក្រចេះ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាងឯកឧត្តមអភិបាលខេត្ត អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក/នាយករងរដ្ឋបាល រដ្ឋបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យ ប្រធានផ្នែក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តជាច្រើនរូបទៀត។


ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ចំណុះរដ្ឋបាលខេត្តដែលបានខិតខំអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។


បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរការដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់អង្គភាព។


ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានពាំនាំអនុសាសន៍ផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមន្ត្រីរបស់យើងត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនោះគឺអភិក្រមទាំង៣ ៣កុំ ៣គួរ និងគប្បី១:

៣កុំ៖ កុំឈ្លោះគ្នា,កុំប៉ែងជើងគ្នា,កុំច្រណែនគ្នា

៣គួរ៖ គួរស្រលាញ់គ្នា,គួរជ្រោមជ្រែងគ្នា,គួរសាទរគ្នា

គប្បី១៖គួរឱបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យ។


ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរក្នុងអង្គពិធីទាំងមូលជួបតែសេចក្តីសុខគ្រប់ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈនិងកុំបីឃ្លៀងឃ្លាតឡេីយ៕

ប្រភព៖​ អគ្គនាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង



dd
Bottom Ad