មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ចូលរួមធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី


ត្រលប់ក្រោយ

30/11/23 10:22 AM

ចំនួនទស្សនា៖

331

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកាដល់ថ្ងៃទី១០ខែធ្នូឆ្នាំ ២០២៣ ក្រោមប្រធានបទជាសកល "រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រី និងក្មេងស្រី” នៅឆ្នាំនេះ ធ្វើនៅវិទ្យាល័យកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


នាឱកាសបើកយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តីលោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៍ឲ្យដឹងថា៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញចូលរួមយ៉ាងសកម្មជាមួយក្រសួងកិច្ចការនារី ក៏ដូចជារាជរដ្ឋាភិបាលរៀបចំយុទ្ធនាការនេះ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆកាដល់ថ្ងៃទី១០ ខែធ្នូ នៅថ្នាក់ជាតិ និងក្រោមជាតិ។


លោកស្រី កាន់ រតនៈឧប្បលមាន ប្រសាសន៍ថា៖ ក្រសួងកិច្ចការនារីបានធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ។

យុទ្ធនាការ នេះធ្វើឡើងក្នុងគោល បំណងសំខាន់ៗដូចជា៖

  ១/. បង្កើនការចូលរួមទប់ស្កាត់ និងការឆ្លើយតបអំពើហិង្សានិងយេនឌ័រ។

  ២/. លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ-ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

  ៣/. លើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់ អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

៤/. លើកកម្ពស់ឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសិល្បៈករ វិស័យឯកជន ចូលរួមអនុវត្តសកម្មភាព ដោយប្រើប្រាស់ឌីជីថល តាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបសកម្មភាព ដែលជាតម្រូវ ការចាំបាច់ ក្នុងស្ថានភាពកូវីដ១៩។

 ៥/. គៀងគរថវិការពីអង្គការដៃគូ សង្គមស៊ីវិល ទាំងអស់ចូលរួមគាំទ្រ និងរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឱ្យបានទូលំទូលាយ និងដល់ក្រុមគោលដៅទាំងអស់ប្រកបដោយបរិយាប័ន្ន។


លោកស្រីប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបញ្ជាក់ទៀតថា៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានចូលរួមយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនេះ មានដូចជាការបំពាក់ភ្លើងពណ៌ទឹកក្រូច នៅមន្ទីរកិច្ចការនារី និងចងបដាដែលមានសារជាគន្លឹះៗ ធ្វើវេទិកាតាមប្រព័ន្ធឌីជីថលជាមួយក្រុមគោលដៅពិការភាព សិល្បៈករ អង្គការដៃគូពាក់ព័ន្ធនឹងវិស័យឯកជន រៀបចំផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញសង្គមដើម្បីបំផុសផ្សព្វផ្សាយយុទ្ធនាការដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអនុវត្តច្បាប់។


លោកស្រី កាន់ រតនៈឧប្បល បានបន្តថា៖ អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាបញ្ហាសំខាន់សម្រាប់ស្ត្រីជាច្រើននៅជុំវិញពិភពលោក និងនៅកម្ពុជា ដែលក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកំពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងវិស័យនានាក្នុងសង្គម និងវិស័យផ្សេងៗទៀត ពីព្រោះស្ត្រីគឺជាឆ្អឹងខ្នងយ៉ាងរឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើនសមត្ថភាពដល់ស្ត្រី-ក្មេងស្រី នៅកម្ពុជា។ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យនៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី និងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាលើស្រ្តី និងក្មេងស្រីក្នុងសង្គមបច្ចុប្បន្ន និងចូលរួមអបអរសាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ។


មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរៀបចំក្រុមការងារធ្វើយុទ្ធនាការឆ្លើយតបទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងយុទ្ធនាការ១៦ថ្ងៃបានកំពុងផ្សព្វផ្សាយយុទ្ធនាការនេះ គោលបំណងឲ្យមហាជនទាំងអស់បានយល់ដឹងពីច្បាប់ និងចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលជាស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ សហគមន៍និងលើកកម្ពស់ជីវភាពក្រុមគ្រួសារ។


នៅអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។


សូមបញ្ជាក់ថា យុទ្ធសាស្រ្ត១៦ថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សម ភាពយេនឌ័រ ។ ទោះបីជាមាន កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយ និងសាធារណៈនឹងកក្តាសមត្ថភាពរបស់ស្ត្រីក៏ដូចជាក្មេងស្រីខ្លួនឯងផងដែរ៕



dd
Bottom Ad