18/12/23 10:16 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង): នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងក្រុងបាវិត ស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដើម្បីរៀបចំប្រែក្លាយតំបន់ទាំងនេះទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀតទៅថ្ងៃអនាគត។
នៅក្នុងឱកាសនោះ ឯកឧត្តម បានពិនិត្យទីតាំងបង្កើតអាងចម្រោះទឹកកង្វក់ អាងស្តុកទឹកសម្រាប់ការបង្ករបង្កើតផលរបស់ប្រជាពលរដ្ឋ ប្រព័ន្ធធារាសាស្រ្តស្រោចស្រពកសិកម្ម និងទីតាំងផ្គត់ផ្គង់ទឹកស្អាតចេញពីបឹងធំៗក្នុងស្រុកចន្ទ្រាដែលនឹងមានការរៀបចំវិនិយោគនៅថ្ងៃខាងមុខ។ បន្ទាប់មកឯកឧត្តមបានពិនិត្យលទ្ធភាពក្នុងការស្តាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកក្នុងស្រុកកំពង់រោទិ៍ និងច្រកព្រំដែនអន្តរជាតិព្រៃវល្លិ័ ដែលកំពុងដំណើការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសកម្ពុជា និងវៀតណាមបច្ចុប្បន្នផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធត្រូវពិនិត្យ និងពន្លឿនការស្ថាបនាផ្លូវជនបទនានាដែលកំពុងរងការខូចខាតត្រូវធ្វើការជួសជុល និងស្ថាបនាថ្មីឲ្យបានទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះដែរ រួមមាន អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ ដោយ:PK