ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


ត្រលប់ក្រោយ

19/12/23 15:27 PM

ចំនួនទស្សនា៖

399

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលក្រោមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំធំទន្លេបាសាក់២។


សូមជម្រាបថា ពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការអាជ្ញាធរទន្លេសាប អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អគ្គនាយកកិច្ចការរដ្ឋបាល អគ្គនាយកកិច្ចការបច្ចេកទេស អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល និង មន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្តទាំងអស់ គ្រូឧទ្ទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមកពីក្រសួងផែនការ។


ថ្លែងក្នុងឱកាសនេះ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្នុងនាមប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់នូវកិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារអាទិភាពសំខាន់ៗ ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈនាពេលកន្លងមក ក៍ដូចជាពេលបច្ចុប្បន្ន ជាពិសេស ការគាំទ្រថវិកាសម្រាប់វគ្គបណ្តុះបណ្តាលនាពេលនេះ។


ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើ៖ ១)ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពការងារដែលបានអនុវត្តកន្លងមក ២)សវនកម្មសមិទ្ធកម្ម និង ៣)ការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ និងការទូទាត់រជ្ជទេយ្យ។


ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រសួងធនធនាទឹក និងឧតុនិយមបានបន្តពង្រឹងសមត្ថភាពមន្ត្រីសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជួយដល់ក្រសួងឱ្យអនុវត្តស្របជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងត្រូវបានអភិវឌ្ឍន៍ និងដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាននិងកំពុងធ្វើឱ្យការគ្រប់គ្រងចំណូល និងចំណាយកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។


ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា មន្ត្រីថ្នាក់កណ្តាលនៃក្រសួង ក៏ដូចមន្រ្តីមកពីអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីររាជធានី-ខេត្ត ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ច្បាស់លាស់ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមនាយកដ្ឋាន ឆ្ពោះទៅរកការអនុវត្តន៍កម្មវិធីកែទម្រង់ការងារគ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤គឺគណនេយ្យភាពសមិទ្ធកម្ម នាពេលខាងមុខឱ្យបានល្អប្រសើរជាងមុន ព្រមទាំងអនុវត្តនូវគោលដៅអាទិភាពជូនក្រសួងធនធានទឹក និងឧតុនិយម៕



dd
Bottom Ad