22/12/23 10:48 AM
ខេត្តកណ្តាល៖រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ១០ឆ្នាំ ២០២១ ២០៣០ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១នៅសាលាខេត្តកណ្តាល វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែធ្នូ ២០២៣។
មានប្រសាសន៍ក្នុងឱកាសនោះ ឯឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសិក្ខាកាមដែលមកពីបណ្តាក្រុង-ស្រុកទាំង១៣ដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ ជាពិសេសវត្តមានសិក្ខាកាមទាំង អស់នាឱកាសនេះ គឺជាកិត្តិយស និងជាមោទនភាពរបស់រដ្ឋបាលខេត្តកណ្តាលទាំងមូល ហើយវាពិតជាបានបង្ហាញអំពីការឲ្យតម្លៃលើការសិក្សា និងការពង្រីកចំណេះដឹងឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម និងការងារស្របតាមការចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ នេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលាយក្នុងចំណោមអ្នកពាក់ព័ន្ធនានា និងបង្កើន ការទទួលខុសត្រូវ។
ឯកឧត្តមបន្តថា៖ថ្វីត្បិតតែកម្មវិធីជាតិដំណាក់កាលទី១ បានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកម្មវិធី កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅតែបន្តអនុវត្តទៅមុខជាបន្តបន្ទាប់ដោយគ្មានកាលវេលាកំណត់ និងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតពីដំណាក់កាល មួយទៅដំណាក់កាលមួយ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យជាចម្បងរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យប្រជាពលរដ្ឋទទួលបាននូវផលប្រយោជន៍នានា ពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយ បរិយាប័ន្ន និងសមធម៌សង្គមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបន្ថែមថា៖ក្នុងក្របខណ្ឌនៃការគិតគូររាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។កំណែ ទម្រង់នេះមានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋផ្អែកតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋាន នីមួយៗ តាមរយៈការផ្ទេរមុខងារនិងធនធាន កាន់តែច្រើនឡើងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការផ្តល់សេវាសារធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺស្រមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់កំណែទម្រង់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល១០ ឆ្នាំ (២០២១-២០៣០) និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា-ប្រសិទ្ធភាព សមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម-ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តមបានកោតសរសើរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមការងារ សាលាជាតិរដ្ឋបាលមូលដ្ឋាន នឹងសូមបន្តរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត សម្រាប់មន្ត្រីរាជការ ដែលកំពុងបំពេញការងារនៅ សាលាខេត្ត សាលាក្រុង ស្រុក នៅទូទាំងខេត្តកណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពបំពេញ ការងាររបស់មន្ត្រីរាជការឱ្យកាន់តែប្រសើរឡើង សំដៅពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕