កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)


ត្រលប់ក្រោយ

25/12/23 13:03 PM

ចំនួនទស្សនា៖

304

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) ស្ថិតនៅសាលប្រជុំនន្ទីរអាគារ ខ សាលាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរនានាក្នុងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកអភិបាលក្រុងស្រុកទាំង៨​ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។


ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មកដល់ពេលនេះ គឺបានឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ដោយតម្រូវឲ្យមានការលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈនានា ដែលកំពុងមានការកើនឡើង ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចក៏មាននិន្នាការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ទន្ទឹមនេះ តម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ត្រូវបង្កើនការទទួលខុសត្រូវឲ្យកាន់តែសកម្មបន្ថែមទៀតក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តមុខងារដែលបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ លិខិតបទដ្ឋាន និងស្តង់ដារ ដែលបានកំណត់ជាធរមាន ដើម្បីធានាដល់ការលើកកម្ពស់ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល គាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងដំណាក់កាលស៊ីជម្រៅ ដោយកំណត់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងារឲ្យបានជាក់លាក់ និងច្បាស់លាស់ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ច ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនានារបស់ប្រជាជននៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។


ឯកឧត្តមបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ សូមចូលរួមសហការ និងបន្តជំរុញឲ្យការងារនេះទទួលបានជោគជ័យ ដូច្នេះសូមឲ្យ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវពិនិត្យ និងកែតម្រូវខ្លឹមសារតាមវិស័យរបស់ខ្លួន ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្តស្វាយរៀង និងសេចក្តីណែនាំ ស្តីពីដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល​២០២៥-២០២៧ ខេត្តស្វាយរៀង ឲ្យបានចប់រួចរាល់ ស្របតាមពេលវេលាដូចបានកំណត់ក្នុងប្រតិទិនការងារ និងត្រូវបញ្ជូនសេចក្តីព្រាង និងសេចក្តីណែនាំ ដែលបានកែតម្រូវរួច មកក្រុមការងារកសាងផែនការខេត្ត តាមរយៈមន្ទីរផែនការ ដើម្បីរៀបចំសារឡើងវិញ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត៕

ដោយ:PK



dd
Bottom Ad