អភិបាលខេត្តស្វាយរៀងដឹកនាំប្រតិភូ ចូលរួមពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ​


ត្រលប់ក្រោយ

26/01/24 12:53 PM

ចំនួនទស្សនា៖

335

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្ដម​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ ព្រមទាំងមានប្រធានប្រតិភូជាថ្នាក់ដឹកនាំខេត្ត​ព្រៃវែង​ ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមស្ថិតនៅទីរួមខេត្តតៃនិញ​ ប្រទេសវៀតណាម ។


ឯកឧត្ដម​ ប៉េង​ ពោធិ៍សា អភិបាលខេត្ត សូមថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តមលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជន ខេត្ត និងឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដែលបានរៀបចំពិធីយ៉ាង អធិកអធមទទួលស្វាគមន៍ និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត។ ទិដ្ឋភាពដ៏ឱឡារិក នាឱកាសនេះ មិនត្រឹមតែបានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន ក្នុងស្មារតីមិត្តភាព សាមគ្គីភាពជាភាតរៈ ក្នុងភាពជាអ្នកជិតខាងល្អ ប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីគុណតម្លៃដ៏បរិសុទ្ធមិនអាចកាត់ថ្លៃបាន ក្នុងភាពជាមិត្ត នឹងជាបងប្អូនល្អ។


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ពិតជាមានក្តីសោមន្សរីករាយ និងមោទនភាព ក្រៃលែង ចំពោះការរីកចម្រើនដ៏ល្អពិសិដ្ឋ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ដែលខេត្តស្វាយរៀង និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយជារួម និងខេត្តស្វាយរៀង- តៃនិញ និយាយដោយឡែក រួមគ្នា សម្រេចបាន នាពេលកន្លងមក ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតំបន់ព្រំដែន ព្រមទាំងបណ្តាវិស័យផ្សេងៗ ទៀតនៃកិច្ចព្រមព្រៀង ជាពិសេសការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមសហការពីបណ្តា គ្រប់សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ នៃភាគីទាំងពីរ ក្នុងការផ្តល់កិច្ចគាំទ្រ និងសម្របសម្រួល ដល់បណ្តាសកម្មភាពទាំងឡាយនៅតាមបណ្តោយព្រំដែន ដែលបានខកខានដោយសារ ឥទ្ធិពល និងផលវិបាក នៃវិបត្តិជំងឺកូវីដ-១៩ ឲ្យមានដំណើរការដោយរលូន និងស្តារឲ្យមាន ភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែមានភាពរីកចម្រើនរឹងមាំ និងផ្តល់នូវផលប្រយោជន៍យ៉ាងពិតប្រាកដស្របតាមបំណងប្រាថ្នា និងការចង់បានរបស់ប្រជាជនទាំងសងខាង។


សូមជម្រាបជូនថា​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រជាជនវៀតណាម គណៈប្រតិភូខេត្តស្វាយរៀង រួមទាំងខេត្ត​ព្រៃវែង​ ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ តែងតែចូលរួមជូនពរអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នៅខេត្តតៃនិញ​ ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ​រឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្តយើងទាំងសងខាងក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និងចីរភាពតទៅ៕



dd
Bottom Ad