ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង


ត្រលប់ក្រោយ

29/01/24 11:16 AM

ចំនួនទស្សនា៖

398

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១គ្រួសារ ដែលរងគ្រោះកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យឆេះផ្ទះថ្ម ទំហំ៥×១២,៥ម៉ែត្រ របស់ឈ្មោះ គង់ សារិន អាយុ៣៥ឆ្នាំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ មូលហេតុនៃការឆេះបណ្ដាលមកពីទុសេខ្សែរភ្លើង ដោយសារម្ចាស់ផ្ទះមិននៅបិទទ្វារចោល។

ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោកជំទាវ ដួង វណ្ណា ក៍បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជននានា ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។

លោកជំទាវបានបន្តថា រដូវប្រាំងឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយត័្នខ្ពស់ទោះលើការប្រើប្រាស់ភ្លើងទាន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាចបណ្តាលឲ្យឆាបឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យ ។ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

ចំពោះអំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ, កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយ-សម្លរ ២, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលបត់១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៤សែនរៀលផងដែរ៕ 


dd
Bottom Ad