សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់


ត្រលប់ក្រោយ

15/02/24 15:17 PM

ចំនួនទស្សនា៖

354

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់។


អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ​សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញប្រគល់សញ្ញាបត្រ​ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសម្ពោធទីតាំងសាកលវិទ្យាល័យសាខាវាលស្បូវ។ សម្តេចធិបតីបានមានប្រសាសន៍ថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ ដែលជាសមិទ្ធផលមួយដ៏ធំសម្រាប់ក្រុមគ្រួសារ ជាពិសេសអាណាព្យាបាល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការបញ្ចប់ឧត្តមសិក្សា បានមកពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកសិក្សារបស់សាកលវិទ្យាល័យ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។


សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិត។ សម្តេចបានអបអរសាទរចំពោះការបង្កើតទីតាំងថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅវាលស្បូវ។ សម្តេចធិបតី បានថ្លែងថា វត្តមានទីតាំងថ្មីរបស់សាកលវិទ្យាល័យ កើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ហើយនឹងក្លាយទៅជាកន្លែងបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលអនាគត។


សម្តេចធិបតីបានបន្តទៀតថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។សញ្ញាបត្រដែលនិស្សិតទទួលបាននេះ ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង បង្កើនភាពម្ចាស់ការ ជាមូលដ្ឋានបង្កើនគុណវុឌ្ឍកាន់តែខ្ពស់ឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពកាន់តែខ្ពស់។ ប្រទេសមួយមានធនធានមនុស្ស មានមូលធនមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុនពេលរាតត្បាតជំងឺកូវីដ១៩ កម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងបណ្តាប្រទេស១០ដទៃទៀតលើពិភពលោក។​សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា។ គ្មាននរណាហាមឃាត់មហិច្ឆតាកម្ពុជា លើផែនការអភិវឌ្ឍន៍នោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីឆ្នាំ៩០ ការសរសេរផែនការ ភាគច្រើនកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ តែបច្ចុប្បន្នផែនការទាំងឡាយ សរសេរដោយខ្មែរ។ សម្តេចបានបន្តថា ការកសាងមូលធនមនុស្ស គឺជាការកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះច្រើន។ មនុស្សដែលដឹងខ្លួនឯង ហើយចេះពង្រឹងខ្លួនឯង ទើបធ្វើឱ្យខ្លួនឯងឱ្យជោគជ័យ។


ជាមួយនឹងការសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណជាង ៥ពាន់នាក់ នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរនិស្សិតទាំងអស់ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕



dd
Bottom Ad