សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង


ត្រលប់ក្រោយ

14/03/24 13:25 PM

ចំនួនទស្សនា៖

465

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។


ក្នុងឱកាសនោះ ឯកឧត្ដម Darkey Ephraim Africa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមមានជំនឿថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យ រ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែកើនឡើងថែមទៀត ។


ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ ឯកឧត្តមនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ដើម្បីជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយក្នុងការជំរុញពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណាឱ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យសរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។


ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។


សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណា ចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។


តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំ នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។



dd
Bottom Ad