សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍​ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ


ត្រលប់ក្រោយ

22/11/21 10:53 AM

ចំនួនទស្សនា៖

274

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

នាព្រឹកថ្ងៃអង្គារ៍​ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅវិមានឯករាជ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍​ នៃទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី០៩​ ដល់១១​ ខែវិច្ឆិកា​ ឆ្នាំ២០២១។

សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមដោយ​ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកា​ នេះ​ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា​ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា


dd
Bottom Ad