22/11/21 10:53 AM
នៅឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ ២៥០លានដុល្លាអាមេរិក ជូនដល់វិស័យឯកជន សម្រាប់អភិវឌ្ឍន៍លើវិស័យកសិកម្ម ដែលរួមមាន ការចិញ្ចឹមសត្វ ការកែច្នៃ ផលិតផលកសិកម្ម ការដាំដុះ និងវិស័យអេកូទេសចរណ៍ជាដើម។ នេះបើតាមឱ្យដឹងនៅក្នុងសេចក្តីព្រាងក្រប
ខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ ។
នៅក្នុងសេចក្ដីព្រាងក្របខណ្ឌដដែលនេះ បានបង្ហាញឱ្យដឹងបន្ដថា ការដាក់ ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិកនេះ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហ គ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% ។
ក្រៅពីនេះ រាជរដ្ឋាភិបាលក៏នឹងផ្តោតអាទិភាពលើគោលនយោបាយ
កម្មវិធី និងវិធានការចម្បងៗមួយចំនួនទៀតដូចជា រៀបចំគម្រោងសាកល្បង នៃការផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់ សំណាញ់ សម្រាប់ការដាំបន្លែលើផ្ទៃដី ចាប់ពី ០៥ ហិកតាឡើងទៅ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏ត្រៀមរៀបចំយន្តការលើកលែង ឬព្យួរអាករ លើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសង់ ផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុង បន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់ បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ រួមនិងពង្រឹងបន្ថែម ទៅលើសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យារវាងក្រុម ផលិត សមាគមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ ផលិតផលកសិកម្មលើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ផងដែរ៕