22/11/21 10:49 AM
សូមប្រយ័ត្នបាតុភូតភ្លៀង ផ្គរ រន្ទះនៅតាមតំបន់ មួយចំនួនចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែវិច្ឆិកា
អត្ថបទ៖ សំ ជំនាញ
ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងនូវឥទ្ធិពល ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង រុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។
បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះក៏មានបណ្តាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។
ដោយឡែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C, សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចនឹងមានភ្លៀងធ្លាក់តិចតួច ។
ចំពោះតំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
ដូច្នេះក្រសួងធនធានទឹក និងឧត្តុនិយមអំពាវនាវដល់ពលរដ្ឋនៅតំបន់ពាក់ព័ន្ធខាងលើបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ៕