22/11/21 10:51 AM
រដ្ឋបាលព្រៃឈើបង្រ្កាបបានបទល្មើសបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើចំនួន ៤០ករណី
តាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២១នេះ រដ្ឋបាលព្រៃឈើបង្ក្រាបបានបទល្មើសសរុបចំនួន ៤៩ករណី។ក្នុងនោះរួមមាន ការកាប់បំផ្លាញព្រៃឈើចំនួន៤០ករណី បរបាញ់និងសម្លាប់សត្វព្រៃចំនួន ១ករណី និងការទន្រ្ទានដីព្រៃចំនួន ៨ករណី។
តាមរបាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា វត្ថុតាងនៃបទល្មើសព្រៃឈើដែលបានចាប់ឃាត់ និងដកហូតរួមមាន ឈើអារសរុបចំនួន ៥៤ម៉ែត្រគូប ផ្ទៃដីព្រៃឈើកាប់រានទំហំ ៤៣ហិចតា វត្ថុតាងសត្វព្រៃបានចាប់ឃាត់មានចំនួន ២០គីឡូក្រាម និងអនុផលព្រៃឈើមួយចំនួនទៀត។
ដោយឡែក វត្ថុតាង និងសំណាកសត្វព្រៃត្រូវបានប្រមូលតាមរយៈការប្រគល់ក្នុងអំពើល្មើស មានចំនួន ៦១ករណី ។ក្នុងនោះធ្វើកិច្ចសន្យាចំនួន ៣ករណី និងដកហូតនៅនឹងកន្លែងមានចំនួន ៦ករណី ដែល រួមមាន សត្វព្រៃរស់ចម្រុះប្រភេទចំនួន ១០៥ក្បាល និងសត្វព្រៃងាប់ចម្រុះប្រភេទចំនួន ២៦៨ក្បាល និងសំណាក ១៨គីឡូក្រាម៕