22/11/21 10:57 AM
មន្រ្តីជំនាញ ដកហូតអាល់កុលក្លែងក្លាយជាង ៣០០លីត្រ និងទំនិញខូចគុណភាពជាង ៣០០គីឡូក្រាម
ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព សរុបចំនួន ៣៩៣គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ៣៥៨លីត្រ ។នេះបើតាមឱ្យដឹងនៅលើហ្វេសប៊ុក ករបស់មន្រ្ដីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
តាមប្រភពដដែល បញ្ជាក់ថា ទំនិញដែលបានដកហូតទាំងនោះ ត្រូវបានដាក់លក់នៅលើទីផ្សារ និងផ្ទះលក់ទំនិញនានា ក្នុងខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។
ក្រោយលទ្ធផលនៃការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញ បានដកហូតភ្លាមៗ នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះទាំងនោះ យកទៅរក្សាទុក និងកម្ទេចចោលទៅតាមនីតិវិធី។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានអាល់កុលក្លែងក្លាយ (មេតាណុល) បានជាង ៩៦តោន ដែលឈ្មួញបានដាក់ឱ្យចរាចរក្នុងទីផ្សារ។ ជាមួយគ្នានេះ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ក៏បានដកហូតទំនិញខូចគុណភាពប្រមាណជាង ២៨តោន ពីបណ្ដាទីផ្សារនៅទូទាំងប្រទេសផងដែរ៕