22/11/21 11:01 AM
និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់គេហទំព័រចំនួន៧៩ដែលបើកល្បែងស៊ីសងអនឡាញខុសច្បាប់
និយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន៧៩ បន្ទាប់ពីរកឃើញថា គេហទំព័រទាំងនេះកំពុងដំណើរការ បើកល្បែងស៊ីសងអនឡាញខុសច្បាប់ ក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ខ្លួនបានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន៧៩ បន្ទាប់ពីរកឃើញថា គេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជា។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់ រាល់គេហទំព័រ ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនេះ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម។
និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់សាធារណជន ឲ្យចូលរួមរាយការណ៍ជូន និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬបណ្តាញសង្គម Facebook នូវគេហទំព័រ ណាមួយ ដែលបាននិងកំពុង ធ្វើប្រតិបត្តិការ ឬផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ នៅក្នុងនៅកម្ពុជា ដោយ ន.ទ.ក នឹងរក្សាការសម្ងាត់ជូន៕