ឯកឧត្តម សុខ លូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី ខេត្តបាយ់ដំបង


ត្រលប់ក្រោយ

22/11/21 11:19 AM

ចំនួនទស្សនា៖

310

ប្រភព៖

បាត់ដំបង


ឯកឧត្តម សុខ លូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរី ខេត្តបាយ់ដំបង ។

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបឋម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៩៨គ្រួសារ ហើយបានជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព ហើយពុំមានប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់បាត់បង់ជីវិតនោះទេ ។ អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យូរ និង ត្រីខ១យួរ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាន៍ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច ជាក់ស្ដែងក្រោយពីទទួលបានដំណឹងពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរីរួចមក សម្ដេចក៏បានណែនាំរដ្ឋបាលខេត្តបាត់ដំបង ក្នុងការនាំយកអំណោយសង្រ្គោះបឋមចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ជាបន្ទាន់ ដើម្បីធ្វើការសម្រួល ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ ។

ឯកឧត្តម បានបន្តទៀតថា បើទោះបីជាឥឡូវនេះស្ថានភាពទឹកចាប់ផ្ដើមស្រកក្ដី ក៏មិនត្រូវធ្វេងប្រហែសឡើយ ពោលគឺមន្រ្ដីដែលទទួលបន្ទុកឃ្លាំមើលទ្វារទំនប់ទប់ទឹក ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុ ឲ្យបានម៉ត់ចត់ ព្រោះយើងមិនអាចមើលឃើញ ឬទាយដឹងមុនទេថា ពេលណាមានភ្លៀងធ្លាក់ចូលទៀត ពេលណារាំងភ្លៀងទេ ដូចនេះយើងត្រូវតាមដានឲ្យបានជាប់ជាប្រចាំ ។ ឯកឧត្តម ក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីត្រៀមស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងការខូចខាតដោយសារទឹកជំនន់នេះ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលបានចាក់បាន២ដូសរួចមកហើយនោះ គឺត្រៀមលក្ខណៈក្នុងការទទួលការចាក់វ៉ាក់សាំងដុសជំរុញ ដែលជាដុសទី៣ ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺកូវីដ-១៩ ៕


dd
Bottom Ad