22/11/21 11:31 AM
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡានិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យជាតិមានជ័យ បានថ្លែងថា៖លោកគ្រូ អ្នកគ្រូមិនមានអ្វីលើសពីនេះទៀតទេ ទោះបង្រៀន១០ឆ្នាំទៅមុខទៀតក៏នៅតែលោកគ្រូ អ្នកគ្រូដដែល អត់មែនក្លាយទៅជាមហាសេដ្ឋីកើតទេ ប៉ុន្តែប្អូនៗមានឱកាសច្រើនអាចក្លាយខ្លួនជាថ្នាក់ដឹកនាំមួយ ដែលអាចដឹកនាំក្រុមគ្រួសារ ខេត្តឬប្រទេសរបស់ខ្លួន ។ការថ្លែងនេះក្នុង ឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិថីឯកឧត្តម ស សុខា និលោកជំទាវ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង ១៨១,៣ម៉ែត្រ ទទឹង ១២ម៉ែត្រ, ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹម ៦ម៉ែត្រ, តារាងបាល់ទាត់ស្តង់ដា, សាលប្រជុំធំ, ដំបូលបណ្ណាល័យ, បុស្បុកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, អាងហែលទឹក, សួនសាមគ្គី, បង្គោលភ្លើងសឡា, របងថ្មអគារអន្តេវាសិកដ្ឋាននារី, ស្រះចិញ្ចឹមត្រី, ខ្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន ២៦៧ ៨៦៣(ពីរសែន ប្រាំមួយម៉ឺន ប្រាំពីរពាន់ ប្រាំបីរយ ហុកសិបបី ដុល្លារសហរដ្ឋអាមេរិក) ក្នុងសកលវិទ្យាល័យជាតិមានជ័យ នៅថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០២១ ម្សិលមិញ ដោយមានការចូលរួមពីឯកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃសកលវិទ្យាល័យមានជ័យ ជាច្រើនរូប ។
ជាមួយគ្នានោះដែរ ឯកឧត្តមស សុខា បានថ្លែអំណរគុណដល់ក្រុមការងារទ្រទ្រង់សកលវិទ្យាល័យជាតិមានជ័យ ដែលមានលោកអភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលបានចូលរួមយ៉ាងសកម្មក្នុងការចំណាយថវិកាចូលរួមកែទម្រង់នូវសកលវិទ្យយល័យនេះអស់ថវិកាជិត៣០ម៉ឺនដុល្លា ដែលជាអត្ថប្រយោជន៍រួមដើម្បីជាតិ ដើម្បីបណ្តុះបណ្តាលផ្តល់ឱកាសឲ្យយុវជនរបស់យើងនៅទីនេះធំធាត់មានឱកាសប្រឡងប្រណាំងដូចគេឯង ដោយមិនចាំបាច់ទៅខេត្តផ្សេងនេះជាគោលបំណងធំទី១និងគោលបំណងធំទី២ គឺជាការយកចិត្តទុកដាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោកជំទាវ ក្នុងការបណ្តុះធនធានមនុស្ស ដែលក្នុងនោះក៏មាននិស្សិតដែលធ្លាប់រៀននៅទីនេះមានតួនាទីគួរសមក្នុងជួររាជរដ្ឋាភិបាលផងដែរ ។មួយវិញទៀត តាមរយៈនៃការកែទម្រង់នេះ បានធ្វើឲ្យសិស្ស និស្សិតនិងមហាជនមានជំនឿជឿជាក់ រហូតមានការចុះឈ្មោះសិក្សាឆ្នាំទី១ នាឆ្នាំសិក្សា ២០២០-២០២១ នេះ ចំនួន៧៨៩នាក់ ដែលកើនឡើងចំនួន៦ដង បើធៀបទៅនឹងមុនកែទម្រង់ ។បន្ទាប់មកគណៈអធិបតី ក៏បានប្រល់ប័ណ្ណថ្លែងអំណរគុណដល់សប្បរុសជន ដែលបានជួយជួសជុលកែលម្អ សោភ័ណភាពក្នុងសកលវិទ្យាល័យជាតិមានជ័យនេះផងដែរ៕
បន្ទាយមានជ័យ,១៩/១១/០២១=ណុប-រក្សា(២៩០១៦)