ក្រសួងធនធានទឹក៖កម្ពុជានឹងចុះត្រជាក់ រង្វង់១៥ ទៅ១៧អង្សារសេចាប់ពីខែធ្នូដល់ខែកុម្ភៈខាងមុខនេះ


ត្រលប់ក្រោយ

22/11/21 14:52 PM

ចំនួនទស្សនា៖

609

ប្រភព៖

ភ្នំពេញ

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សារសេ និង១៧អ្សារសេ នៅតំបន់ភ្នំ និងខ្ពង់រាបភាគឦសាន ចាប់ពីសប្ដាហ៍ទីមួយ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជាបាននិងកំពុងទទួលរងនូវអាកាសធាតុត្រជាក់ពីតំបន់ស៊ីបេរី និងឥទ្ធិពល ជ្រលង សម្ពាធខ្ពស់ពីប្រទេសចិន ដែលអាចធ្វើឱ្យសីតុណ្ហភាពអប្បបរមា ចុះមកត្រឹម ១៥ទៅ១៧អង្សារសេ នៅតំបន់ភ្នំ និងខ្ពង់រាបភាគឦសាន ខណៈបណ្ដារាជធានី -ខេត្តមួយចំនួន មានសីតុណ្ហភាពអប្បបរមាពី១៨ ទៅ១៩ អង្សារសេ។

តាមការជូនដំណឹងដដែលនេះ ចាប់ពីសប្ដាហ៍ទី១ ខែធ្នូ ដល់សប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១ គឺមានថ្ងៃខ្លះ ធាតុអាកាសអាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅបណ្ដាខេត្តភាគខាលើក្នុងភូមិសាស្រ្ដ តំបន់ជួរ ភ្នំដងរែក និងខ្ពង់រាបភាគឦសាន ដែលសីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ ក្នុងរង្វង់ពី១៧ ទៅ១៩ អង្សារសេ។ រីឯ បណ្ដារាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពីរង្វង់១៩ទៅ ២១អង្សារសេ។

ដោយឡែក ចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ មានថ្ងៃខ្លះធាតុអាកាស អាចនឹង ចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ នៅបណ្ដាខេត្តភាគខាងលើ ក្នុងភូមិសាស្រ្ដជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបឦសាន ដែលសីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥អង្សារសេ ទៅ ១៧អង្សារសេ។ រីឯ បណ្ដារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ ទៅ២០អង្សារសេ៕


dd
Bottom Ad