23/11/21 08:13 AM
ភ្នំពេញ)៖ ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតហើយ។ សមិទ្ធផលថ្មីកើតចេញពីចំណងមិត្តភាពកម្ពុជា និងចិននេះ គឺ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តម្លៃជិត ៥៧លានដុល្លារអាមេរិក។
សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ក្រោមម្លប់នៃសុខសន្តិភាពនេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។
ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។
ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមេគង្គហើយនោះ ក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១ស៊ី (C)» តភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។
ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ផ្លូវមួយខ្សែនេះ នឹងប្រើប្រាស់ពេលសាងសង់ចំនួន ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោងចំណាយថវិកាសាងសង់ថវិកាជិត ១៣០លានដុល្លារ។