23/11/21 12:53 PM
ក្រសួងសុខាភិបាលទទួលបានការអនុញ្ញាតសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យធំជាងគេនៅកម្ពុជា ក្រោយមានការឯកភាពពីរាជរដ្ឋាភិបាល
នៅក្នុងជំនួបពិភាក្សារវាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយនឹងប្រតិភូក្រុមហ៊ុនកូរ៉េ បានពិភាក្សាគ្នាអំពីការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនៅកម្ពុជានៅក្នុងទីស្ដីការក្រសួងសុខាភិបាលនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
ដោយមានការឯកភាពនិងអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជួបពិភាក្សាជាមួយនឹងប្រតិភូក្រុមហ៊ុនកូរ៉េដែលមានការចូលរួមពីថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បីរិះរកវិធីសាស្ត្រ និងពេលវេលាដើម្បីសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យនេះ។
ក្រោយពីពិភាក្សាចប់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការសាងសង់មន្ទីរពេទ្យនេះអាចមានចន្លោះពេលពី ២ ឆ្នាំទៅ ៤ ឆ្នាំ ហើយចំណាយថវិកា ចំនួន ៨០ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងសាងសង់នេះបានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលយើងនឹងធ្វើឡើងនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងរាជធានីភ្នំពេញ ដែលមានទំហំផ្ទៃដីនៃការសាងសង់មានចំនួន ២ហិកតា។ នៅក្នុងនោះគម្រោងនៃការសាងសង់ដែលចំណាយថវិកាចំនួន ៨០ លានដុល្លារក្នុងនោះ ថវិកា ៦៦លានដុល្លារសហរដ្ឋអាមេរិក គឺជាប្រាក់កម្ចីពីធនាគាររបស់មិត្តកូរ៉េហើយនិងថវិកាចំនួន ១៤ លានដុល្លារសហរដ្ឋអាមេរិកគឺជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងនោះលោកស្រី យក់ សម្បត្តិ ក៏បានបញ្ជាក់បន្ថែមផងដែរថា មន្ទីរពេទ្យសាកលវិទ្យាល័យនេះអាចផ្ដល់ជាកន្លែងសិក្សាស្រាវជ្រាវដល់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា និងបានមកអនុវត្តការសិក្សាដើម្បីបន្ថែមលើជំនាញរបស់ខ្លួន ឱ្យមានជំនាញកាន់តែច្បាស់លាស់ ពិតប្រាកដ និងឈានដល់ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាសម្បូរទៅដោយធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈជគ្រូពេទ្យពិតប្រាកដ ច្រើនជាងមុន។
នេះបង្ហាញថាជាសមិទ្ធផលបន្ថែមមួយទៀតរបស់កម្ពុជាក្នុងវិស័យសុខាភិបាល ហើយយើងដឹងស្រាប់ហើយថាប្រទេសកម្ពុជាយើងកន្លងមកក៏ទទួលបានជោគជ័យក្នុងការគ្រប់គ្រងទៅលើការរីករាលដាលនៃជំងឺកូវីដ-19 នឹងទទួលបានការកោតសរសើរពីប្រទេសនៅក្នុងអាស៊ាននិងបណ្ដាប្រទេសនៅខាងប៉ែកអឺរ៉ុបផងដែរ។
អត្ថបទ: ប្រសិទ្ធ