25/11/21 14:26 PM
ភ្នំពេញ៖ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១ នេះ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ មានកូរ៉ុមសមាជិករដ្ឋសភាចូលរួមប្រជុំ ចំនួន១០៧ រូប បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ធ្វើជាអនុប្រធានទី១នៃរដ្ឋសភា តាមសំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតងួល ញ៉ិល ដែលបានទទួលមរណភាព។
សម័យប្រជុំរដ្ឋសភាពេញអង្គ នៃនីតិកាលទី៦នេះ បានបោះឆ្នោតជ្រើសតាំងឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប ធ្វើជាអនុប្រធានទី១រដ្ឋសភា មានសំឡេងគាំទ្រចំនួន១០៧/១០៨សំឡេង។ សូមបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប គឺជាតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ហៅកាត់(គណៈ កម្មការទី២) នៃរដ្ឋសភា។
នៅក្នុងការបោះឆ្នោតទាំង៦នីតិកាលកន្លងទៅ គិតចាប់តាំងពីឆ្នាំ១៩៩៣មក ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប បានជាប់ឆ្នោតធ្វើជាតំណាងរាស្រ្តជាប់រហូត។ ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនវិទ្យា ផ្នែកច្បាប់ពាណិជ្ជកម្ម និងជាបណ្ឌិតច្បាប់ពីសហរដ្ឋអាម៉េរិក។ ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ក៏ជាបណ្ឌិតសភាយោធាពោធិចិនតុងភ្នំពេញផងដែរ។ ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត មានជំនាញផ្សេងៗទៀត ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង ធនាគារ ជាដើម។ នៅឆ្នាំ២០១៩ ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិតជាម យៀប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រទានគោរមងារជាកិត្តិសេដ្ឋាបណ្ឌិត។
ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀបត្រូវ បានគណបក្សប្រជាជនកម្ពុជាជ្រើស រើសជាតាំងធ្វើអនុប្រធានទី១នៃរដ្ឋសភា ក្រោយពីឯកឧត្តមកិត្តិនីតិកោសបណ្ឌិត ងួន ញ៉ិល ទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងវ័យ៧៩ឆ្នាំ ដោយរោគាពាធ។ នៅក្នុងគណបក្សប្រជាជនកម្ពុជាឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប ជាសមាជិកគណៈអចិន្រ្តៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្ស៕