សិស្សទីបួនបានស្លាប់ដោយសាររបួសពីការបាញ់ប្រហារនៅឯសាលារៀនក្នុងរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក


ត្រលប់ក្រោយ

02/12/21 12:18 PM

ចំនួនទស្សនា៖

323

ប្រភព៖

បរទេស

ព័ត៌មានជាសំឡេង


(អាមេរិក)៖ សិស្សដែលជាជនរងគ្រោះទី 4 បានស្លាប់ដោយសាររបួសក្នុងអំឡុងពេលនៃការបាញ់ប្រហារដ៏ធំកាលពីដើមសប្តាហ៍នេះនៅឯវិទ្យាល័យមួយក្នុងរដ្ឋ មីឈីហ្គែន (Michigan) របស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការកាន់ទុក្ខយ៉ាងទូលំទូលាយ និងការអំពាវនាវឱ្យទប់ស្កាត់អំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។ 


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាល់ ហ្សាហ្សេរ៉ា នៅថ្ងៃពុធបានឲ្យដឹងថា ការិយាល័យតម្រួតក្នុងតំបន់បាននិយាយថា ចាស្ទីន ស៊ីលលីង (Justin Shilling) អាយុ 17 ឆ្នាំបានស្លាប់ដោយសាររបួសរបស់គាត់នៅឯមន្ទីរពេទ្យក្នុងស្រុក អុកលែន (Oakland) ភាគពាយព្យនៃទីក្រុង ដេទ្រយ (Detroit) កាលពីថ្ងៃពុធ។


ការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅឯវិទ្យាល័យ អកហ្វឺត (Oxford) ក្នុងទីក្រុង អកហ្វឺត (Oxford) រដ្ឋមីឈីហ្គែន (Michigan) បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់បួននាក់ដែលសុទ្ធតែសិស្សសាលា។

ការិយាល័យតម្រួតស្រុក អុកលែន (Oakland) មុននេះបានបញ្ជាក់ថា សិស្សបីនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅនឹងកន្លែងវាយប្រហារ ដែលត្រូវបានកំណត់អត្តសញ្ញាណពួកគេរួមមាន ហាណា អេស្ទី ជូលីណា ( Hana St Juliana) អាយុ 14 ឆ្នាំ; ម៉ាឌីស៊ីន ប៊លវីន (Madisyn Baldwin) អាយុ 17 ឆ្នាំ; និង ថេត ម៉ៃអឺ (Tate Myre) អាយុ 16 ឆ្នាំ ហើយមានមនុស្ស 7 នាក់ផ្សេងទៀតរួមទាំងគ្រូបង្រៀនម្នាក់បានរងរបួស។


អាជ្ញាធរកាលពីថ្ងៃពុធក៏បានកំណត់អត្តសញ្ញាណជនសង្ស័យដែលជាសិស្សសាលាម្នាក់ឈ្មោះថា អ៊ីថឹន ក្រាំប្លី (Ethan Crumbley) ផងដែរ។ សិស្សវិទ្យាល័យអាយុ ១៥ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ឃាតកម្ម និងបទឧក្រិដ្ឋជាច្រើនទៀត។


លោកស្រី ខារឹន ម៉ាកដូណាល់ (Karen McDonald) រដ្ឋអាជ្ញានៃស្រុកអុកលែន (Oakland) បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ក្នុងនាមជាមនុស្សពេញវ័យ ដោយសារតែភាពធ្ងន់ធ្ងរនៃអំពើឧក្រិដ្ឋកម្មរបស់គេ។ លោកស្រី ម៉ាកដូណាល់ McDonald បាននិយាយថា "យើងកំពុងចោទប្រកាន់បុគ្គលរូបនេះលើបទអំពើភេរវកម្មដែលបណ្តាលឲ្យមនុស្សស្លាប់ 1 ករណី ឃាតកម្មកម្រិតទី 1 ចំនួន 4 ករណី ការវាយប្រហារដោយចេតនាធ្វើឃាតចំនួន 7 ករណី និង 12 ករណីនៃការកាន់កាប់អាវុធសម្រាប់ឧក្រិដ្ឋកម្ម" ។


លោកស្រី បានបន្ថែមថា ការចោទប្រកាន់បន្ថែមអាចនឹងត្រូវបានដាក់នៅពេលការស៊ើបអង្កេតបន្ត រួមទាំងប្រឆាំងនឹងឪពុកម្តាយជនសង្ស័យទាំងពីរនាក់ផងដែរ។ លោកស្រី ម៉ាកដូណាល់ (McDonald) បាននិយាយថា "ដើម្បីការពារសោកនាដកម្មបន្ថែមទៀតដូចអ្វីដែលយើងបានឃើញកាលពីម្សិលមិញ និងជារួម យើងត្រូវដោះស្រាយភាពជាម្ចាស់កាំភ្លើងដែលទទួលខុសត្រូវនៅក្នុងប្រទេសនេះ និងនៅក្នុងស្រុក អុកលែន (Oakland)" ។


ជនសង្ស័យ ក្រាំប្លី (Crumbley) បានបង្ហាញខ្លួននៅឯតុលាការតាមរយៈវីដេអូឃ្លីបនៅរសៀលថ្ងៃពុធ ដោយមានបញ្ចូលនូវពាក្យអង្វរករសម្រាប់ការគ្មានកំហុសដោយស្វ័យប្រវត្តិ ខណៈដែលរូបគេបាននៅស្ងៀមស្ងាត់។ ចៅក្រម ណានស៊ី ខានីយ៉ាក (Nancy Carniak) បានបដិសេធការស្នើសុំនៅក្រៅឃុំរបស់គេ ហើយបានបញ្ជាឱ្យបញ្ជូនខ្លួនទៅពន្ធនាគារស្រុកសម្រាប់អនីតិជនដែលជាកន្លែងឃុំឃាំងចាប់តាំងពីជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន៕


dd
Bottom Ad