02/12/21 14:35 PM
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ព្រមទាំងសមិទ្ធផលនានាដែលចំណាយថវិកាប្រមាណ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ គឺក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះអោយមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវទាំង៣៤ខ្សែនេះមាន៣ប្រភេទ។
ប្រភេទទី១ ជាមហាវិថី មានចំនួន ៣ខ្សែ ប្រវែងសរុប ២២,៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ចែកជាផ្លូវរថយន្ត ៦គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង រួមមាន៖ មហាវិថីរាម លេខ៤៥ ប្រវែង ៧,២៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកអាកាសយានដ្ឋានកងកេង រហូតដល់មហាវិថីឆ្នេររាម។ មហាវិថីឆ្នេររាម ប្រវែង ៥,៩៨១ម៉ែត្រ និងស្ពានចំនួន២ កន្លែង ស្ពានទី ១ប្រវែង ៧៥ម៉ែត្រ ស្ពានទី២ ប្រវែង ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថីរាម ទៅដល់មហាវិថីជំទាវម៉ៅ។ មហាវិថីជំទាវម៉ៅ លេខ៤៧ ប្រវែង ៩,៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅដល់មហាវិថីឆ្នេររាម និងវិថីចំណោទអូរត្រាវ។
ប្រភេទទី២ ជាវិថីមានចំនួន ១៤ខ្សែ ប្រវែងសរុប ៤៩,៩៥៧ម៉ែត្រ មានទទឹងពី ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្តពី ២ ទៅ ៤គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង។ និងប្រភេទទី៣ ជាអនុវិថី មានចំនួន ១៧ខ្សែ ប្រវែងសរុប ១១,៨១៧ម៉ែត្រ មានទទឹងពី ៨ម៉ែត្រ ទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត ២គន្លង។ ក្រៅតែពីផ្លូវទាំង៣៤ខ្សែក្នុងគម្រោង អាជ្ញាធរ ក៏បានសាងសង់វិថីតភ្ជាប់ចំនួនខ្សែបន្ថែមទៀតរួមមាន៖ វិថីតេជោប្រវែងជាង ១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៥០២ ទៅវិថី២ធ្នូ ហើយលើវិថីភ្ជាប់ជាមួយទីលានតេជោផងដែរ, វិថីពយអូរឈើទាលប្រវែង ៣៥០ម៉ែត្រ និងវិថីអូត្រេះប្រវែងជាង ៣០០ម៉ែត្រ។
ក្នុងចក្ខុវិស័យប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពហុបំណង រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់គិតគូរទាំងប្រព័ន្ធក្រោមផ្លូវ និងនៅលើផ្លូវ ដោយប្រព័ន្ធក្រោមផ្លូវបានញែកដាច់ពីគ្នារវាង ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ក្នុងបំណងបញ្ចៀសនូវការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ។ ទន្ទឹមគ្នានោះ ក៏បានបំពាក់ប្រព័ន្ធកាមេរាសុវត្ថិភាពជាង ៥០០ទីតាំង និងបំពាក់អំពូលភ្លើងឆ្លាតវៃដែលអាចបញ្ជាកម្រិតពន្លឺតាមការចង់បានចេញពីរាជធានីភ្នំពេញសម្រាប់បំភ្លឺតាមដងផ្លូវនៅក្រុងព្រះសីហនុផងដែរ។
រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក៏បានកសាងបដិមាដ៏ធំធ្វើពីស្ពាន់តម្កល់នៅរង្វង់មូល៣កន្លែង រួមមានទី១ បដិមា ព្រះថោង នាងនាគ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម កម្ពស់ ២១ម៉ែត្រ គិតពីព្រះបាទាដល់កំពូលម្កុដ។ ទី២បដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាមហាវិថីរាម និងមហាវិថីឆ្នេររាម មានកម្ពស់ ៩ម៉ែត្រ យកតាមរចនាបថកោះកេរ និងទី៣បដិមា សីហរាជមុខ៣ មានកម្ពស់ ៩ម៉ែត្រ គិតពីបាតជើងសីហដល់កំពូលម្កុដ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។ ក្រៅពីបដិមាទាំង៣ខាងលើ គម្រោងនេះក៏បានដាំដើមឈើលម្អតាមដងផ្លូវចំនួន៩ប្រភេទ រាប់ទាំងប្រភេទដើមផ្កាក្រដាសផងដែរ៕
អត្ថបទ៖ បណ្តាញសង្គមផ្លូវការសម្តេចក្រឡាហោម សខេង