02/12/21 16:28 PM
នៅក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការនូវផ្លូវ ៣៤ ខ្សែនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វាយតំលៃខ្ពស់ចំពោះសមិទ្ធផលនៅក្នុងខេត្តព្រះសីហនុ ដែលប្រើកម្លាំងកូនខ្មែរទាំងអស់ ទាំងកម្លាំងពលកម្ម ជំនាញវិស្វករ និងសាបត្យករ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ។
សម្តេចតេជោលើកឡើងថា នៅពេលដែលសាងសង់អ្វីមួយជាសម្បត្តិជាតិដោយប្រើនូវប្រាក់កម្ចីនិងបច្ចេកវិទ្យាបរទេស ដោយប្រើកម្លាំងបរទេស មានការលំបាកក្នុងការជួបពិភាក្សា និងការសម្រេចធ្វើឲ្យបានលទ្ធផលឆាប់រហ័ស គឺមិនងាយនោះទេដោយនៅរង់ចាំការសម្រេច ប្រើប្រាស់ពេលវេលាយូរ។ ដូច្នេះការធ្វើនៅផ្លូវ ៣៤ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុនេះ គឺរដ្ឋាភិបាលប្រើលុយផ្ទាល់ខ្លួនរបស់យើងតែម្ដង ដែលបានសន្សែសន្សំកន្លងមក។
សម្ដេចក៏បានបន្ថែមទៀតផងដែរថា ប្រសិនបើមិនមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសាកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទេនោះ រដ្ឋាភិបាលអាចនឹងសន្សំប្រាក់កើនដល់ ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកប្រើប្រាស់ក្នុងការចំណាយផ្សេងៗទៅលើការកសាងជាតិ។
ទន្ទឹមនឹងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរសម្ដេចក៏បានរំលឹកពីការលំបាករបស់កម្ពុជា នៅក្នុងឆ្នាំ១៩៧៩ ពេលនោះបានមិត្តឡាវនិងវៀតណាម ដែលបានជួយចែករំលែកការលំបាកដល់ប្រជាពលរដ្ឋកម្ពុជាបានរស់រៀន។ ដោយសម្ដេចថាយើងមិនមែនជាមនុស្សអគុណធម៌ឡើយ នៅពេលដែលមិត្តមានការលំបាកយើងត្រូវតែជួយត្រឡប់ទៅវិញ ដោយថ្មីៗនេះកម្ពុជាបានជួយទៅមិត្តឡាវនូវថវិកាសុទ្ធដូចជាវ៉ាក់សាំងផងដែរ។
ទាក់ទិនទៅនឹងការរីករាលដាលនៃជំងឺកូវិត-19 ប្រភេទថ្មី អូរមីក្រុង នេះ សម្ដេចបានបញ្ជាក់ ទៅកាន់ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋ កុំមានការភ័យការស្លន់ស្លោខ្លាំងពេក ប៉ុន្តែត្រូវតែការពារ។
សម្ដេចក៏បានបញ្ជាក់ថា ការកសាងឬស្ថាបនាអ្វីមួយរបស់ជាតិនឹងប្រើប្រាស់កម្លាំងនិងបច្ចេកវិទ្យារបស់ខ្មែរ ឲ្យអស់លទ្ធភាព ព្រោះខ្មែរធ្វើបាន ដែលប្រកបដោយសមត្ថភាព និងមោទនភាព។
អត្ថបទ: ប្រសិទ្ធ