នាយករដ្ឋមន្ត្រីឡាវ ធ្វើពិធីបួងសួងសុំឱ្យការបើកដំណើរការផ្លូវដែកចិន-ឡាវដោយរលូន


ត្រលប់ក្រោយ

03/12/21 14:25 PM

ចំនួនទស្សនា៖

336

ប្រភព៖

បរទេស


(ឡាវ)៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន (Phankham Viphavanh) បានចូលរួមពិធីប្រពៃណីឡាវកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសនេះ ដោយបួងសួងសុំឱ្យការបើកដំណើរការផ្លូវដែកចិន-ឡាវប្រកបដោយភាពរលូន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួនៅថ្ងៃសុក្រ។  


ផ្លូវដែកចិន-ឡាវ ដែលមានប្រវែង 1,035 គីឡូម៉ែត្រ និងតភ្ជាប់ទីក្រុង គុនមីង (Kunming) នៃខេត្ត យូណាន (Yunnan) ភាគនិរតីនៃប្រទេសចិននិងទីក្រុងវៀងច័ន្ទ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសុក្រនេះ។


ពិធីនេះមានឈ្មោះថា បឺក សុខសាយ៉ាមឿងឃួន (Beuk Sokxayamoungkhoun) ក្នុងប្រទេសឡាវ ដែលជាសកម្មភាពសាសនាដ៏សំខាន់តាមរបៀបប្រពៃណីឡាវ។ មនុស្សម្នាជឿជាក់ថា ពិធីនេះនឹងការពារពីរឿងអាក្រក់ និងនាំមកនូវសំណាងល្អ ។


ការសាងសង់ផ្លូវដែកចិន-ឡាវ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ 2016។ ផ្លូវរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញដោយប្រើប្រាស់ថាមពលអគ្គិសនីត្រូវបានសាងសង់ឡើងទាំងស្រុងតាមស្តង់ដារគ្រប់គ្រង និងបច្ចេកទេសរបស់ចិន។


ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មាន Global Times កាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាជ្ញាធរផ្លូវដែកជាតិរបស់ប្រទេសចិនបាននិយាយថា ប្រទេសចិន និងឡាវកាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលលើកដំបូងស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ឡាវ ប្រវែង 1,035 គីឡូម៉ែត្រដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយបង្កើតក្របខ័ណ្ឌសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។


កិច្ចព្រមព្រៀងនេះនឹងបម្រើជាក្របខ័ណ្ឌច្បាប់សម្រាប់ចលនាឆ្លងកាត់ព្រំដែននៃអ្នកដំណើរ និងទំនិញតាមបណ្តោយផ្លូវដែកនៅព្រំដែន ហើយវានឹងធានាបាននូវដំណើរការរលូននៃផ្លូវដែកដែលនឹងដាក់ឱ្យដំណើរការនៅចុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ចិនដែលជាអ្នកជំនាញសិក្សាលើអាស៊ីអាគ្នេយ៍។


លោក ស៊ូ ឡៃភីង (Xu Liping) នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិននៅទីក្រុងប៉េកាំងបានប្រាប់ Global Times កាលពីថ្ងៃអង្គារថាកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នាតាមរបៀបដែលប្រតិបត្តិករផ្លូវដែកនៃប្រទេសទាំងពីរគ្រប់គ្រងខ្សែបន្ទាត់ និងកិច្ចព្រមព្រៀងមានសារៈសំខាន់ជាមូលដ្ឋានចំពោះដំណើរការរលូននៃផ្លូវដែកនេះ។


លោក ស៊ូ (Xu) បានរំពឹងថា ផ្លូវដែកភាគច្រើននឹងគ្រប់គ្រងទំនិញនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការរបស់ខ្លួន ខណៈពេលដែលស្ថានភាពជំងឺរាតត្បាត COVID-19 បាននិងកំពុងរារាំងការធ្វើដំណើរអន្តរជាតិយ៉ាងខ្លាំង។


អ្នកវិភាគបាននិយាយថា ផ្លូវដែកចិន-ឡាវ នឹងបង្កើតផ្លូវឆ្លងកាត់ និងទំនាក់ទំនងពាណិជ្ជកម្មយ៉ាងឆាប់រហ័សរវាងឡាវ និងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលផ្តល់ថាមពលដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ និងប្រែក្លាយប្រទេសជាប់ព្រំដែនគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក ជាមួយនឹងសមត្ថភាពនាំចេញ និងផលិតកម្ម។


ផ្លូវរថភ្លើងអគ្គិសនីដឹកអ្នកដំណើរ និងដឹកទំនិញនេះនឹងតភ្ជាប់ទៅផ្លូវដែកក្នុងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ជាមួយនឹងល្បឿនកំណត់ 160 គីឡូម៉ែត្រក្នុងមួយម៉ោង និងពេលវេលាធ្វើដំណើរពីទីក្រុងវៀងច័ន្ទ ទៅកាន់ព្រំដែនចិន-ឡាវ នឹងត្រូវកាត់បន្ថយពីពីរថ្ងៃទៅត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ ហើយការធ្វើដំណើរទៅកាន់ទីក្រុង គុនមីង អាចធ្វើឡើងពេញមួយយប់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។


ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) “ផ្លូវរថភ្លើងអគ្គិសនីនេះមិនត្រឹមតែតភ្ជាប់រវាងប្រទេសឡាវនិងចិនទេ គឺជាមួយបណ្តាញ BRI ទាំងមូលផងដែរ" នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ 2020។


យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ផ្លូវដែកនេះនឹងនាំមកនូវការកាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងច្រើន ដោយប្រហែល 30-50 ភាគរយអាស្រ័យលើវិធីសាស្រ្តនៃការគណនា ហើយត្រូវបានគេរំពឹងថានឹងបង្កើនរំហូរពាណិជ្ជកម្មរវាងប្រទេសចិននិងឡាវដល់ ៣,៧ លានតោននៅឆ្នាំ 2030 និងពាណិជ្ជកម្មឆ្លងកាត់ប្រទេសឡាវតាមច្រករបៀងផ្លូវដែកអាចឈានដល់ប្រមាណ ៣,៩ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ផងដែរ៕


dd
Bottom Ad