08/12/21 15:59 PM
សៀមរាប៖ អគារមន្ទីរពេទ្យខេត្តសៀមរាប ត្រូវបានបើកការសាងសង់ជាផ្លូវការហើយ ដោយទទួលបានហិរញ្ញប្បទានឥតសំណង ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)ចំនួន ១៩ លានដុល្លារក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់JICA។
សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីកែលម្អគុណភាពសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ ផ្សេងទៀត ដោយការសាងសង់អគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។
គម្រោងនឹងធ្វើការសាងសង់អាគារថ្មីមួយ ដែលមានទំហំប្រហែល ៧,២៦០ម៉ែត្រការ៉េ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប បំពាក់ដោយគ្រែអ្នកជំងឺចំនួន ២១២គ្រែ នៅក្នុងអាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតរួមមាន៖ ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត។
កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះ បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងទឹកប្រាក់សរុបចំនួន ២,១៥៣លានយ៉េន (ប្រមាណជា ១៨.៩៥ លានដុល្លាអាមេរិក)៕