08/12/21 17:28 PM
អត្តបទ៖ ឆន ទិត្យ
ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ជូនដល់មន្រ្តីសាធារណៈ សមត្ថកិច្ចជំនាញ និងសង្គមស៊ីវិល នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមអមគណៈអធិបតីពីសំណាក់ឯកឧត្តម ហ៊ី ព្រូ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, ឯកឧត្តមជាប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា និង មន្ទីរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ និងផ្តល់នូវការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនិងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព, អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទីភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។
ឯកឧត្ដមប្រធានបានគូសបញ្ជាក់ថា៖« ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ថោកទាប មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាពនោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជាអំពើអយុត្តិធម៌ដែលអាចបង្កើតឲ្យមានគំនិតគុំកួនគ្នាមិនចេះចប់មិនចេះហើយ»។