ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គ Teo Eng Dih អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិសិង្ហបុរី


ត្រលប់ក្រោយ

08/12/21 19:03 PM

ចំនួនទស្សនា៖

259

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោក Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ 


នៅក្នុងជំនួបនេះ លោក អនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានធ្វើការ​កោត​សសើរ​នូវវប្បធម៌ អរិយធម៌ និងសមិទ្ធផលនានាដែលបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ស្តែងចេញ​តាមរយៈ​ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីតាំងប្រវតិសាស្រ្តនានា​ដូចជា សារមន្ទីរជាតិ សារមន្ទីរទួលស្លែង និងវិមានឈ្នះ ឈ្នះ ជាដើម ។ 


ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ដល់​គណៈ​ប្រតិភូ សម្រាប់ការអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានជម្រាបជូន​អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែល​មាន​នេះ​​ឲ្យបាន​គង់វង្ស ដើម្បីបន្ត​នូវ​វឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។


ព្រមជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា លំហាត់ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។ 


ជាចុងក្រោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។



dd
Bottom Ad