09/12/21 06:47 AM
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែករមាសហែកនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា ដើម្បីសាងសង់អគារ មន្ទីរពេទ្យបង្អែករមាសហែក ដើម្បីបម្រើឲ្យវិស័យសុខាភិបាល ជាពិសេសគឺសម្រាប់ព្យាបាលដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ងាយស្រួលក្នុងការព្យាបាលជំងឺផ្សេងៗ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ កសាងប្រទេសឲ្យមានការរីកចម្រើនដូចសព្វថ្ងៃហើយ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ហើយសម្ដេចតេជោ តែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
នៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រកាសរាយនាមឈ្មោះសប្បុរសជនដែលបានចូលជួយដល់ការសាងសង់ និងសម្ភារបរិក្ខាពេទ្យនូវមន្ទីរពេទ្យនេះ ទទួលបានថវិកាសរុបចំនួន ១,២០០,០០០ដុល្លារ (មួយលាន ពីររយពាន់ដុល្លារ) ដែលអគារនេះមានទំហំ ១៨ម៉ែត្រX៦៣ម៉ែត្រ កម្ពស់២ជាន់ មានចំនួន៤០បន្ទប់។
ចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានក៏បានឧបត្ថម្ភថវិកា សម្ភារដល់មន្ទីរពេទ្យបង្អែករមាសហែក និងអ្នកជំងឺ រួមមាន÷
-ម៉ាស់ ១០,០០០ម៉ាស
-អាល់កុល ៣០ប៊ីដុង
-ថវិកាដល់គ្រូពេទ្យចំនួន១១៩នាក់ ក្នុងម្នាក់ៗទទួលបាន ២០០,០០០រៀល
-អ្នកជំងឺ៣៦នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០រៀល
-រដ្ឋបាលស្រុករមាសហែក ៥,០០០,០០០រៀល
-មន្ទីរពេទ្យបង្អែកស្រុករមាសហែក ៥,០០០,០០០រៀល
-អធិការដ្ឋាននគរបាលស្រុករមាសហែក ១,០០០,០០០រៀល
-អាវុធហត្ថស្រុក ១,០០០,០០០រៀល
-សឹករងស្រុក ១,០០០,០០០រៀល
-ប្រជាការពារភូមិ ១,០០០,០០០រៀល
-រៀបចំក្រុងពាលី ៦,២០០,០០០រៀល
-រៀបចំពិធីបញ្ចុំបឋមសិលា ៨៧៥,០០០រៀល
-ចូលបច្ច័យជាវស៊ីម៉ង់តិ៍ប្រគេនដល់ វត្តសមរាម ស៊ីម៉ង់តិ៍ ចំនួន៦០តោន គិតជាថវិកា ៦,០០០ដុល្លារ។ ដែលសរុបថវិការួមចំនួន: ៤៨,៨៩៥,០០០រៀល និង៦,០០០ដុល្លារ ៕