ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ត្រលប់ក្រោយ

09/12/21 09:37 AM

ចំនួនទស្សនា៖

243

ប្រភព៖

មណ្ឌលគីរី

ព័ត៌មានជាសំឡេង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា និងសហការី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី។  

ឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវមតិស្វាគមន៍ ចំពោះវត្តមានរបស់ប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងទឹកដី នៃខេត្តមណ្ឌលគិរី និងបានជម្រាបជូនប្រតិភូស្ថានទូតអូស្រ្តាលី ពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ទំនៀមទំលាប់ និងមុខរបរ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើង ពីសក្ដានុពលសំខាន់ៗរបស់ខេត្តមណ្ឌលគិរី។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានស្នើសុំឯកអគ្គរដ្ឋទូតរងអូស្ត្រាលី មេត្តាជួយសម្របសម្រួលស្វែងរកទីផ្សារសម្រាប់នាំចេញកសិផល ដំណាំកសិឧស្សាហកម្មមួយចំនួន ទៅកាន់ប្រទេសអូស្ត្រាលី និងជួយផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិត ក៏ដូចជាផ្ដល់កម្មសិក្សាផ្នែកកសិកម្មរបស់ខេត្តមណ្ឌលគិរី នៅក្នុងប្រទេសអូស្ត្រាលីផងដែរ។


បន្ទាប់មក ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្ដល់ជំនួយ តាមរយៈគម្រោងនានា និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសការវិនិយោគវិស័យរ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺណេសង់នៅក្នុងខេត្តមណ្ឌលគិរី។


ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ប៉ាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនគ្រប់វិស័យ។


ឯកឧត្តមឯកអគ្គរដ្ឋទូតរង បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនរ៉ឺណេសង់ គឺជាគម្រោងវិនិយោគធំបំផុត របស់ក្រុមហ៊ុនអូស្ត្រាលីនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថានឹងមានក្រុមហ៊ុនធំៗរបស់ប្រទេសអូស្ត្រាលី បន្តមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។


ឯកឧត្តមបានបញ្ជាក់បន្ថែមថា អូស្ត្រាលី ក៏មានគម្រោងជួយទៅលើវិស័យទឹកស្អាតនៅតំបន់អូរច្បារ ព្រមទាំងបន្តកិច្ចសហការ និងផ្ដល់ជំនួយតាមរយៈគម្រោងនានា ដល់ខេត្តមណ្ឌលគិរីផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី



dd
Bottom Ad