09/12/21 10:29 AM
ព័ត៌មានជាសំឡេង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សន្និបាតបក្សនាថ្ងៃខាងមុខនោះនឹងមានការងារមួយចំនួន ដែលគណៈកម្មាធិការកណ្តាលមានការចាំបាច់ដែលត្រូវធ្វើ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកណ្តាលនៅថ្ងៃទី៩ ខែធ្នូឆ្នាំ ២០២១នេះ។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ "ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយ បម្រុងសម្រាប់នាពេលអនាគត បានរៀបចំរួចហើយ" ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា «ការត្រៀមនេះមិនមែនមានន័យថា ខ្ញុំលែងធ្វើនោះទេ ខ្ញុំសូមបញ្ជាក់ថា មិនមុនឆ្នាំ២០២៨ទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន បាននប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បង ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត តាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ។
បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ទទួលបាននូវការគាំទ្រ ពីសំណាក់ឥស្សរជនសំខាន់ៗក្នុងក្បាលម៉ាស៊ីនគណបក្ស និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស៕