លោក ជំទាវ បាន ស្រីមុំ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយអនុកម្មវិធី ASPIRE


ត្រលប់ក្រោយ

09/12/21 13:38 PM

ចំនួនទស្សនា៖

302

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំប្រមាណ៦០នាក់។ 


លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអានរបាយការណ៍ជូនអង្គពិធីថា៖ អគារប្រមូលផ្តុំកសិផលនេះបានបង្កើតឡើងក្រោយពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អគារប្រមូលផ្តុំកសិផល-ប្រភពថវិកា នៃការសាងសង់អគារ និងការគ្រប់គ្រងប្រើប្រាស់ មួយវិញទៀតដើម្បីឲ្យការគ្រប់គ្រង និងប្រើប្រាស់អគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង៣ ឆ្នាំមកនេះ។ លោកជំទាវបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍សំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសិករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផល កសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។


លោកជំទាវ បានវាយតម្លៃខ្ពស់នូវសមិទ្ធិផលទាំងនេះ និងសូមគូសបញ្ជាក់ជូនអង្គពិធីថា មន្ទីរកសិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានកំណត់គោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន ១,៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អផលិតភាពកសិកម្ម និងបង្កើនភាពធន់នៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានប្រាក់ចំណេញព្រមទាំងជួយកសិករខ្នាតតូច ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃយើង។




dd
Bottom Ad