សម្តេចក្រឡាហោម ស ខេង បានណែនាំឲ្យយកចិត្តទុកដាក់លើមុខសញ្ញាមនុស្សសំខាន់ចំនួន៤ក្នុងមូលដ្ឋាន ដើម្បីបង្កើនការស្រឡាញ់ និងមានជំនឿពីប្រជាពលរដ្ឋ


ត្រលប់ក្រោយ

10/12/21 13:39 PM

ចំនួនទស្សនា៖

225

ប្រភព៖

បាត់ដំបង

ព័ត៌មានជាសំឡេង

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោមស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់មុខសញ្ញាមនុស្សសំខាន់ចំនួន៤ នៅក្នុងមូលដ្ឋាន គឺមេឃុំ ស្មានឃុំ មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ។ ដោយសម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ថា មុខសញ្ញាមនុស្សសំខាន់ចំនួន៤នោះ ត្រូវធ្វើការងារល្អឲ្យបានច្រើន ហើយខ្លាំងជាងមុន ក្នុងការបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីមូលដ្ឋាននោះរឹងមាំ ហើយការវិឌ្ឍន៍សន្តិសុខសណ្តាប់ធ្នាប់ក៏ល្អ ជាពិសេសការអភិវឌ្ឍមូលដ្ឋានក៏កាន់តែមានដំណើរការទៅមុខ ដើម្បីជំរុញដល់ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងកាន់តែល្អឡើងថែមទៀត សមតាមបំណងប្រាថ្នារស់ប្រជាពលរដ្ឋចង់បាន ស្របពេលដែលថ្នាក់ជាតិបានផ្ទេរអំណាចនិងធនធានកាន់តែច្រើនឡើង ទៅដល់ថ្នាក់ក្រោមជាតិ ដូចជាថ្នាក់រដ្ឋបាលខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីរួមគ្នាធ្វើការងារបានច្រើនហើយជួយជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានច្រើន ។ 



សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែបង្កើនធនធានមនុស្សរបស់ខ្លួន តាមរយៈការរៀនសូត្រជំនាញបន្ថែម ក្នុងនោះមន្ត្រីនគរបាលគ្រប់ៗរូបត្រូវឆ្លងកាត់សាលានគរបាលឲ្យបានត្រឹមត្រូវ ទើបបម្រើប្រជាពលរដ្ឋបានល្អ និងត្រូវការពារប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព ឱ្យគាត់មានភាពកក់ក្តៅ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋទុកចិត្តលើបេសកកម្មនគរបាលរបស់ជាតិ និងត្រូវទទួលយកការផ្តល់ព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ បើគាត់ជឿជាក់មកលើមន្ត្រីនគរបាលយើងហើយ រឿងអ្វីក៏ដោយ ក៏គាត់ប្រាប់យើងដែរ តែគាត់មិនជឿហើយគាត់មិនប្រាប់រឿងសហគមន៍ដល់យើងទេ ព្រោះគាត់ថា ប្រាប់ធ្វើអ្វី បើប្រាប់ហើយនៅតែដដែលនោះ ។


សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យមន្រ្តីនគរបាលខិតខំបន្តទៀត ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យបានល្អជូនដល់ពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ដោយស្មើភាពមិនប្រកាន់និន្នាការអ្វីឡើយ ព្រោះបេសកកម្មរបស់មន្ត្រីនគរបាលបច្ចប្បន្ននេះ មិនមែនជាបេសកកម្ម ដើម្បីបែងចែកការគ្រប់គ្រងប្រជាពលរដ្ឋ ដូចសម័យខ្មែរក្រហមនោះទេ ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនេះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីជាការឆ្លើយតបតាមតម្រូវការនៃការកើនឡើងរបស់សិស្សានុសិស្ស ក៏ដូចជាការលើកកម្ពស់វិស័យអបរំឲ្យកាន់តែមានការរីកចម្រើន ក្នុងការអភិវឌ្ឍប្រទេសជាតិយើង ៕



dd
Bottom Ad