13/12/21 09:31 AM
បាត់ដំបង៖ នៅយប់ថ្ងៃ សៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣និង២០នាទី នៅក្នុងលំនៅរបស់ឈ្មោះ តាត ណែម ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតក្នុងក្រុមទី២៣ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង័្សយបានធ្វើសកម្មភាពចូលលួចយកម៉ូតូរបស់ជនងគ្រោះដែលទុកនៅខាងក្រោមផ្ទះ។
ក្នុងពេលកំពុងធ្វើសកម្មភាពលួចបានម៉ូតូមួយគ្រឿងហើយ ជនសង័្សយបានយកម៉ូតូទៅទុកនៅលើផ្លូវថ្នល់ចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះជនរងគ្រោះ ហើយជនសង័្សយបានចូលមកលួចយកម៉ូតូមួយគ្រឿងទៀត ក៏ប៉ុន្តែក្នុងពេលចូលមកធ្វើសកម្មភាពម្តងទៀតនេះ ត្រូវជនរងគ្រោះជាម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ហើយស្រែកឆោឡោផ្អើលអ្នកជិតខាង រួចរួមគ្នាដេញប្រផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានជនសង័្សយម្នាក់រួមទាំងម៉ូតូនោះផង។
ភ្លាមៗជនរងគ្រោះបានរាយការណ៍ពីករណីនេះដល់សមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចបានចុះទៅដល់ចុះណុចកើតហេតុ និងឃាត់ខ្លួនជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
ជនសង័្សយឈ្មោះស៊ឹម ហ៊ាង ហៅ ត្រដក់ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
-វត្ថុតាងដកហូតមាន៖
-ម៉ូតូម៉ាកវេវអាល់ហ្វាសេរី២០២០ ពណ៌ខៀវ គ្មានផ្លាកលេខ ។
-ម៉ូតូម៉ាកហុងដាទ្រីម សេ១២៥សេរី២០២០ ពណ៌ខ្មៅផ្លាកលេខបាត់ដំបង1AO-7495។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា សកម្មភាពលួចយកទ្រព្យសម្បត្តិនេះមុខសញ្ញាអាចមានគ្នាលើសពីម្នាក់នេះ តែក្នុងពេលសាកសួរជនសង័្សយខាងលើបានបដិសេធថា មិនមានបក្សពួកផ្សេងទៀតទេគឺគេធ្វើសកម្មភាពតែម្នាក់ឯងលួចយកម៉ូតូចំនួន០២គ្រឿង។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់បានប្រើប្រាស់ជាធម្មតា៕