13/12/21 09:51 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង)៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិង លោក សោម សុធា អគ្គនាយកគម្រោងអចនព្រទ្យភូមិមរតក ក្រុងស្វាយរៀង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពី ១០ភូមិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតក បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មានតម្លៃ មកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃនេះ ហើយទាំងនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។
លោក សោម សុធា បានបញ្ជាក់ថា គម្រោងអនទ្រព្យភូមិមរតក មិនត្រឹមតែធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យប៉ុណ្ណោះទេ តែក៏បានចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាហូរហែរប្រមាណជាង៥០០គ្រួសារផងដែរ។
ហើយនៅពេលខាងមុខនេះ គម្រោងនិងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង ឲ្យក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវល័យ ទាក់ទាញនិងមានដី ផ្ទះ តូបផ្សារ តម្លៃសមរម្យ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ដួង តារាបានថ្លែងអំណរគុណដល់គម្រោងអចនទ្រព្យភូមិមរតកដែលបានរៀបចំឲ្យមានកម្មវិធីចែកអំណោយនេះឡើង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។
ឯកឧត្តម ដួង ដារា ថ្លែងថាកត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមក៏បានបន្តថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពជសាសន៍ប៉ុលពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈពេលនេះសម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាយើងឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាអនុវត្តវិធានការ ៣កុំនិង៣ការពារ បានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។
ឯកឧត្តម ដួង តារា បានបញ្ជាក់ថាក្នុងនាមលោកជាក្រុមការងាររបស់សម្ដេច សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតដោយស្មោះអស់ពីដួងចិត្ត ហើយក៏ជឿជាក់ថាប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងក៏គាំទ្រដូចជារូបលោកផងដែរ។
ឯកឧត្តមបានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា អំណោយដែលគម្រោងអចនទ្រព្យភូមិមរតកបានរៀបចំចែកជូនប្រជាពលរដ្ឋ ក្នុង១គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន បន្ថែមលើសពីនេះ លោក សោម សុធាអគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក ក៏បានឧបត្ថម្ភដីឡូតិ៍ ជំហានដំបូងចំនួន ១០ឡូតិ៍ ដល់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន ដើម្បីចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាត និងក្រុមការងារដែលបានតស៊ូក្នុងការយកព័ត៌មាន និងកងការពារសម្តេចជាច្រើនឆ្នាំផងដែរ៕