13/12/21 10:28 AM
បាត់ដំបង៖ នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានផ្តល់ព័ត៌មាននៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះដឹងថា ពលករខ្មែរចំនួន១២០នាក់ ដែលភាគីថៃ បានចាត់បញ្ជូនមកតាមច្រកព្រំដែន ជាច្រកតំបន់អូរអន្លក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានត្រួតពិនិត្យនិងធ្វើតេស្តរហ័ស (Rapid Test) គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ក្នុងនោះពលករចំនួន៣២ នាក់ ត្រូវបានចាត់បញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ដើម្បីថែទាំសុខភាព ។
លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលតែងតែណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែន ចូលរួមជាប់ជាប្រចាំក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពិសេសត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញ ចូលដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ ដោយមានកិច្ចសហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានចាត់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
លោក សួន ស៊ីរ៉ា បានឱ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារធ្វើការសាកសួរព័ត៌មាន កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩រួចមក ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តរហ័ស (Rapid Test) លើពលករសរុបទាំងអស់មានចំនួន១២០នាក់ ក្នុងនោះស្រី ចំនួន៤៥នាក់ និងមានក្មេងចំនួន២៥នាក់ ស្រីចំនួន១៥នាក់ ជាលទ្ធផលគឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ដោយឡែកពលករចំនួន៣២នាក់ ក្នុងនោះស្រីចំនួន១០នាក់ មានក្មេងចំនួន៦នាក់ ស្រី៣នាក់ ត្រូវបានក្រុមការងារធ្វើការដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែពួកគាត់មិនបានចាក់វ៉ាក់សាំងកូវីដ១៩ បានពេញលេញ ដើម្បីតាមដានសុខភាពបន្តទៀត ។
លោកបានបញ្ជាក់ថា ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ៨៨នាក់ ស្រីចំនួន៣៥នាក់ មានក្មេងចំនួន១៩នាក់ ស្រី១២នាក់ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ ចំនួន៨នាក់ ស្រី៤នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតសាម៉ីរៀងៗខ្លួនវិញ ៕