13/12/21 10:42 AM
ខេត្តកណ្តាល៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា តំណាងឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសព ដែលបានស្លាប់ចំនួន ២នាក់ ដោយសារលងទឹកព្រែក នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីក្រៀមក្រំនិងសេចក្តីនឹករឭកជាទីបំផុត។ជាមួយគ្នានេះលោក នាយកក៏បានសម្តែងនូវការចូលរួមរំលែកការសោកស្តាយជាមួយនឹងក្រុមគ្រួសាររងគ្រោះដែលបានបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ស្មើជីវិតដោយសារគ្រោះថ្នាក់ខាងលើ ។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺផ្តោតទៅលើការងារជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ជាក់ស្តែងដូចក្នុងករណីរងគ្រោះនេះជាដើម ។
លោកបានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌ដែលបាន ឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែ វាក៏អាចជួយសម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ ។
នាឱកាសនោះដែរលោកនាយកសាខា ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមកុំអស់សង្ឃឹម ត្រូវខំកាត់ចិត្តព្រោះហេតុការណ៍នេះបានកើតឡើងរួចហើយវាមិនអាចវិលត្រឡប់មកដូចដើមបានឡើយ គប្បីត្រូវបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូអំពីអនាគតបន្តទៀតទើបជាការល្អ។
គួររំលឹកផងដែរថា៖ ករណីក្មេងលង់ទឹកព្រែកស្លាប់ បានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ២០២១ ខណៈដែល ឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពីផ្ទះ បណ្តាលអោយស្លាប់កូនចំនួន ០១នាក់ ក្នុង១គ្រួសារ រួមមាន៖ ១-ឈ្មោះ កី ឧស្សារ៉ាវិត ភេទ ប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះពុធ ចាន់បុត្រ ភេទ ប្រុស អាយុ ៦ឆ្នាំ ជនជាតិខ្មែរ ។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារសពក្នុង១គ្រួសារទទួលបាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ម៉ាស់១ប្រអប់អាកុល១ដប ឃីដមួយកញ្ចប់និងថវិកា៤០ម៉ឺនរៀល។