15/12/21 15:17 PM
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា “ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើជាងឆ្នាំមុនៗទៀត។ លោកជំទាវ ថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្នុងនោះលោកជំទាវ បានរៀបចំផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបេក្ខជន ជាពិសេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកជំទាវបានឲ្យមន្ទីរសុខាភិបាល រៀបចំក្រុមគ្រូពេទ្យសម្រាប់វាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានបន្ទប់ត្រៀមបម្រុងសម្រាប់បេក្ខជនមានបញ្ហាសុខភាពជាដើម។
លោកជំទាវ បានបន្ថែមទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ កងកម្លាំងការពារសន្តិសុខ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡង នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ នេះប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។
នាឱកាសនោះដែរ លោកជំទាវ មានបង្ហាញពីការកង្វល់ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ បន្ថែមពីនេះទៅទៀត លោកជំទាវ ក៏បានរៀបចំឲ្យមានកន្លែងផ្ញើកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង ដោយមានការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ជាមួយគ្នានេះដែរ លោកជំទាវ អំពាវនាវឲ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ។ ទន្ទឹមនឹងនេះដែរលោកជំទាវ បានចាត់ឲ្យក្រុង-ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ ២៥, ២៦ និង២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២១៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្ស ថ្នាក់វិទ្យាសាស្ត្រសង្គម០១មណ្ឌល ដែលមានទីតាំងស្ថិតនៅ វិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។