កម្មវិធីអនាម័យ និងទឹកស្អាត ដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍ បានចូលរួមកាត់បន្ថយការចំណាយ និងបង្កើនសេដ្ឋកិច្ចដល់ពលរដ្ឋ


ត្រលប់ក្រោយ

15/12/21 15:22 PM

ចំនួនទស្សនា៖

765

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ប្រធានកម្មវិធីរបស់អង្គការ Good Neighbors Cambodia ខេត្តបាត់ដំបង លោក វិញ ឡឹប បានបញ្ជាក់ថា គម្រោងអប់រំសុខភាពទឹកស្អាត និងអនាម័យ ត្រូវបានប្រជាពលរដ្ឋនៅតាមសហគមន៍ទទួលយកដោយសប្បាយរីករាយ ដែលនៅក្នុងភូមិ ឃុំ របស់គាត់ កាលពីមុនការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាត គឺមិនសូវមានការយកចិត្តទុកដាក់ឡើយ តែក្រោយគម្រោងមានផ្តល់ជាសម្ភារបង្គន់អនាម័យ និងធុងចម្រោះទឹក ដល់គ្រួសាររបស់ពួកគាត់ ទើបធ្វើឲ្យសហគមន៍ទាំងមូលមានការយល់ដឹងច្រើនលើផ្នែកសុខភាពក្នុងការរស់នៅ។ 


អ្នករស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល អ្នកស្រី ឈឿន វឿត ជាតំណាងប្រជាពលរដ្ឋអ្នកទទួលផលពីគម្រោងអប់រំសុខភាព ទឹកស្អាត និងអនាម័យសហគមន៍ បានសំដែងនូវការយល់ដឹងរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបញ្ហាអនាម័យសុខភាពសហគមន៍ សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារ ជាពិសេសកូនចៅរបស់គាត់អាចកាត់បន្ថយបាននូវការឈឺថ្កាត់ និងការចំណាយផ្សេៗ ដែលកើតឡើងពីការប្រើប្រាស់ទឹកមិនស្អាត និងការបន្ទោបង់ពាសវាលពាសកាល ។


អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង លោកស្រី អយ ដេវី បានបញ្ជាក់ថា ជាទិសដៅនៅក្នុងឆ្នាំ២០២៣ កម្ពុជានឹងសម្រេចឲ្យបានសម្រាប់ប្រជាជនរស់នៅតាមសហគមន៍ ត្រូវតែមានការអនុវត្តកម្មវិធីអនាម័យ និងទឹកស្អាត ជាពិសេសការប្រើប្រាស់បង្គន់អនាម័យបានដល់៩០% ។


លោកស្រី អយ ដេវី បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្មវិធីអនាម័យសុខភាពសហគមន៍ ឲ្យទទួលបានជោគជ័យ ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធ្វើឲ្យប្រជាពលរដ្ឋនៅសហគមន៍ជនបទមានមានបង្គន់អនាម័យគ្រប់ៗគ្នា៕



dd
Bottom Ad