16/12/21 09:13 AM
ខេត្តប៉ៃលិន៖ ម៉ូតូឌ្រីម១គ្រឿង តម្លៃជាង២,០០០ដុល្លារ ត្រូវបានក្រុមចោរមានគ្នា៣នាក់ ចូលទៅក្នុងផ្សារ ធ្វើសកម្មភាពកាច់សោ ក លួចយកយ៉ាងស្រួល ខណ:ម្ចាស់ជាប់រវល់លក់ដូរនៅខាងមុខ ដោយចាក់សោទុកនៅខាងក្រោយតូប លុះឃើញមនុស្សប្លែកមុខសង្ស័យដើរទៅក្បែរមិនចាប់អារម្មណ៍ ស្រាប់តែពេលរកមើលម្តងទៀត ត្រូវចោរលួចទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើល។ ណាមួយនៅក្នុងផ្សារនេះ អត់មានសន្តិសុខយាមកាម ដូចផ្សារនានាក្នុងខេត្តប៉ៃលិននោះឡើយ។
ហេតុការណ៍ ក្រុមចោរចូលលួចកាច់សោ ក ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយតូបជនរងគ្រោះ ក្នុងផ្សារប៉ាហ៊ីជើងថ្មី ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ម៉ូតូមាន ឈ្មោះ ទូច ស្រីលក្ខណ៍ ភេទស្រី អាយុ៤៩ឆ្នាំ ជាអាជីវករលក់ដូរក្នុងផ្សារ ដោយបាត់ម៉ូតូ១គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ប៉ៃលិន 1C-6971 មានទីលំ នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមស្រ្តី ឈ្មោះ ទូច ស្រីលក្ខណ៍ ជាម្ចាស់ម៉ូតូបានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់មិនធ្លាប់យកម៉ូតូ ទៅចតនៅខាងក្រោយតូបក្នុងផ្សារកន្លែងលក់ដូរនោះទេ គឺឱ្យកូនជិះយកទៅសាលារៀន។ តែនៅព្រឹកថ្ងៃកើតហេតុ ដោយសារកូនអត់បានទៅរៀន ទើបគាត់ជិះម៉ូតូដែលចោរលួចយកទៅចតទុកចាក់សោ ក នៅខាងក្រោយតូប ហើយជាប់រវល់កោសដូង និងលក់ដូរឱ្យអតិថិជនមកទិញជាប់ៗគ្នា ។
គាត់បន្តទៀតថា នៅវេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹកថ្ងៃដដែល ស្រាប់តែប្រឡេកឃើញមានមនុស្សប្រុសស្រីប្លែកមុខចំនួន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ដើរចូលទៅក្នុងផ្សារ ខាងក្រោយតូបរបស់គាត់។ តែមិនចាប់អារម្មណ៍ ព្រោះអាងថា ម៉ូតូបានចាក់សោ ក រួចហើយ ក៏អង្គុយលក់ដូរឱ្យភ្ញៀវបន្តបន្ទាប់ទៀត។ លុះរហូតដល់ម៉ោង១០ និង៣០នាទីព្រឹកថ្ងៃដដែល មានបងប្អូនមកខ្ចីមួកសុវត្ថិភាពពាក់ ស្រាប់តែចេញទៅមើលបាត់ម៉ូតូបង្កឱ្យភ្ញាក់ផ្អើលឆោឡោប្តឹងឱ្យនគរបាលចេញតាមរកមើលគ្រប់ច្រកល្ហក។ គាត់បញ្ជាក់ទៀតថា នៅក្នុងផ្សារខាងលើ តែងតែបាត់ម៉ូតូជាញឹកញាប់ដែរ ដោយអត់មានសន្តិសុខយាមកាមឱ្យបានត្រឹមត្រូវនោះទេ ហើយគាត់ក៏អត់បានយកទៅដាក់នៅកន្លែងផ្ញើម៉ូតូនៅផ្សារធំដែរ។
មើលទៅគាត់មិនសង្ឃឹមថា អាចនឹងរកម៉ូតូដែលបាត់ខាងលើឃើញនោះឡើយ ព្រោះគាត់ធ្លាប់បាត់ម្តងរួចទៅហើយ លុះតាមរកយ៉ាងណាក៏មិនឃើញដែរ ស្រាប់តែទើបនឹងទិញម៉ូតូថ្មី១គ្រឿងទៀត មិនទាន់ជិះបានកន្លះឆ្នាំផង ត្រូវក្រុមចោរលួចទៅបាត់ម្តងទៀត៕