16/12/21 09:45 AM
ព័ត៌មានជាសំឡេង
ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសចម្រុះវិស័យអប់រំនៅខេត្តប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការងារអប់រំសម្រាប់ បឋមសិក្សា មធ្យមសិក្សា និងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ក្នុងន័យចូលរួមចំណែកបង្កើនធនធានមនុស្សប្រកបដោយគុណភាព ទាំងចំណេះ និងជំនាញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ ឲ្យកាន់តែល្អប្រសើរឡើង។
លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឆ្នាំ២០១៩-២០២៣ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ដោយឈរសើគោលកាណ៍ភាពជាម្ចាស់ ព្រមទាំងពង្រីកការទំនាក់ទំនងអោយបានល្អ និងត្រូវដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយដៃគូសហការទាំងអស់ ក្នុងការកៀរគធនធានសំដៅសម្រេចបាននូវលទ្ធផល ដែលបានកំណត់ក្នុងចំណុចរបស់ក្រុមការងារ ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងឈានទៅសម្រេចបានក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្តីពីការអប់រំនៅកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវជំរុញអោយការិយាល័យអប់រំក្រុង/ស្រុក និងអង្គការគាំទ្រ ដើម្បីពង្រឹងផ្សព្វផ្សាយ អប់រំ ដល់សិស្សានុសិស្ស កុមារបោះបង់ការសិក្សា និងណែនាំដល់មាតាបិតា អាណាព្យាបាលសិស្ស អោយជួយអប់រំកូនបន្ថែមទៀត ទាំងចំណេះ ជំនាញ និងសិលធម៌ ហើយត្រូវចុះពិនិត្យផ្ទាល់នៅតាមសាលារៀននីមួយៗ ក្នុងបណ្តាក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីរៀបចំសំភារៈសិក្សាដែលបម្រើដល់ការបង្រៀន និងរៀន ព្រមទាំងសំអាតអនាម័យបរិស្ថាន អោយស្អាត រួមមាន៖ បរិវេណសាលា បន្ទប់សិក្សា បណ្តាល័យ បន្ទប់ទឹក និងកន្លែងលាងដៃ ជាដើម។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ ខេត្តប៉ៃលិនមានសាលារៀនកម្រឹតបឋមសិក្សា ចំនួន ៤៨សាលា គ្រូបង្រៀនសរុបចំនួន ៣៦៨ នាក់ ស្រី ១៩៩នាក់ ថ្នាក់រៀនចំនួន ៣៦៧ថ្នាក់ សិស្សសរុបចំនួន ៩៩៣៧នាក់ ស្រី ៤៨១៤នាក់ សាលារៀនកម្រិតមធ្យមសិក្សាមានចំនួន ០៩សាលា គ្រូបង្រៀនសរុបចំនួន ៣៥០នាក់ ស្រី១៤៣នាក់ ថ្នាក់រៀនចំនួន ១១៤ថ្នាក់ សិស្សសរុបចំនួន ៤៨៦២នាក់ ស្រី ២៦៦៨ នាក់ និងសិស្សអាហារូបករណ៍ចំនួន ១១៩៨នាក់ ស្រី ៦២២នាក់។