16/12/21 13:16 PM
ព័ត៌មានជាសំឡេង
បាត់ដំបង៖ ផ្សារបឹងឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលស្ទើរតែជារៀងរាល់ឆ្នាំតែងតែទទួលរងនូវគ្រោះទឹកជំនន់លិចហូរចូលតាមប្រព័ន្ធលូក្រោមដីដែលបង្កឲ្យទីផ្សារនៅកណ្តាលទីក្រុងបាត់ដំបងមួយនេះបានជួបនូវការខូចខាតដងផ្លូវនានាជុំវិញផ្សារជាបន្តបន្ទាប់ ហើយដើម្បីជួយសម្រួលនូវការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាក្រុមអាជីវករលក់ដូរមានភាពងាយស្រួលឡើងវិញនោះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយវិនិយោគិនផ្សារបឹងឈូក បានរៀបចំធ្វើការស្ថាបនាផ្លូវដែលខូចនេះឡើងវិញ ជាប្រភេទផ្លូវចាក់បេតុង ក្រោមការអនុវត្តសាងសង់ស្ថាបនាដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា នៅថ្ងៃទី១៦ ខែធ្នូ នេះ បានឲ្យដឹងថា ការស្ថាបនាផ្លូវនេះមានចំនួន២ខ្សែ គឺខ្សែទី១ ជាផ្លូវលេខ១០៦ មានប្រវែង១៥០ម តភ្ជាប់ពីផ្លូវជាតិលេខ៥ មកទល់នឹងផ្លូវលេខ១០៣នៃផ្សារបឹងឈូក ខ្សែទី២មានប្រវែង២៥០ម ផ្លូវរ៉បអតីតៈសាលាពេទ្យចាស់ ភ្ជាប់ទៅផ្លូវទួលតាឯក ក្នុងតំបន់ផ្សារបឹងឈូកនេះដូចគ្នា ។
លោកបានបង្ហាញថា កន្លងមកផ្លូវនេះទទួលរងការខូចខាតដោយសារជំនន់ទឹកស្ទឹងសង្កែ ដែលហូរចូលតាមប្រព័ន្ធក្រោមដីបង្កឲ្យខូចផ្លូវនៅតំបន់ផ្សារបឹងឈូកនេះជាបន្តបន្ទាប់ ហើយការស្ថាបនាផ្លូវនេះឡើងវិញគឺជាគម្រោងវិនិយោគរបស់ផ្សារបឹងឈូក ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងអនុវត្តគម្រោងដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង ដែលផ្លូវទាំង២ខ្សែនេះមានទទឹង១១ម និងចាក់បេតុងកម្រាស់២តឹក ។
អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានឲ្យដឹងថា ជាទិសដៅរដ្ឋបាលខេត្តនឹងធ្វើការកែលម្អផ្លូវមួយចំនួនក្នុងខេត្ត ឲ្យបានប្រសើរថែមទៀត ចំពោះផ្លូវដែលរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងមក ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបណ្តាផ្លូវសំខាន់ៗនៅក្នុងទីប្រជុំជនក្រុងបាត់ដំបង និងនៅតាមបណ្តាស្រុកនានាមួយចំនួនទៀត ក្នុងការបង្កនូវភាពងាយស្រួលជូនប្រជាពលរដ្ឋ លើការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរគ្នាពីជនបទមកទីប្រជុំជន និងពីទីប្រជុំជនទៅកាន់តំបន់ជនបទបានទាន់ពេលវេលា ។
ឯកឧត្ដមបានបញ្ជាក់ថា បើទោះបីជាគម្រោងនិងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមមួយចំនួនរបស់ខេត្តបាត់ដំបង ទទួលរងនូវផលប៉ះពាល់និងមានការរាំងស្ទះខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩ និងការប្រឈមនានាដោយគ្រោះទឹកជំនន់កន្លងមកក៏ដោយ ក៏រដ្ឋបាលខេត្តបាត់ដំបងនៅតែពុះពារនិងបន្តផែនការសកម្មភាព ក្នុងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីប្រជុំជនខេត្ត ឲ្យបានល្អប្រសើរជាបន្តបន្ទាប់ ។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានណែនាំនិងផ្តាំផ្ញើរដល់មន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឲ្យយកចិត្តទុកដាក់ ធ្វើការសាងសង់ស្ថាបនាផ្លូវ សមស្របតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ដើម្បីប្រើប្រាស់បានយូរអង្វែង៕