16/12/21 15:05 PM
ព័ត៌មានជាសំឡេង
ខេត្តបាត់ដំបង៖ បន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មតាសីសាមគ្គីក្នុងស្រុកថ្មគោល បើទោះបីស្ថិតនៅ ក្នុងស្ថានភាពកូវីដក៏នៅ តែរក្សាទីផ្សារបានល្អ ខណៈសហគមន៍មានការគាំទ្រពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លើគ្រប់វិធានការពាក់ព័ន្ធវិស័យកសិកម្ម។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិម្មខេត្តបាត់ដំបងមានប្រសាសន៍ឲ្យដឹងថា សហគមន៍បានចូលរួមបង្កើតឡើងដោយមន្ទីរកសិកម្មខេត្ត ខណៈសហគមន៍មួយនេះកាលពីមុនគឺជាក្លឹបរបស់កសិករហើយបានទទួលការបណ្តុះបណ្តាលលើវិធីចម្រុះ ក្នុងការគ្រប់គ្រងនិងវិធីថែទាំលើផលដំណាំប៉ុណ្ណោះ។
ស្របពេលសហគមន៍កសិកម្មតាសីសាមគ្គី មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ សហគមន៍បានចុះកិច្ចសន្យាជាមួយបណ្ដាទីផ្សារទំនើបនៅ រាជធានីភ្នំពេញរួចជាស្រេច ដូចនេះសមាជិកក្នុងសហគមន៍មិនព្រួយបារម្ភពីបញ្ហាគ្មានទីផ្សារឡើយ ហើយសហគមន៍ក៏មានវគ្គបណ្ដុះបណ្ដាលជូនដល់ប្រជាកសិករផងដែរ។
លោក ឈឹម វជិរ៉ា បានបន្តថា មន្ទីរកសិកម្មខេត្តបាត់ដំបង បានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្មវិធី “ហាវវែសវ័ន្ត” ឈានដល់មានបើកវគ្គបណ្តុះបណ្តាលផ្តល់នូវធាតុចូលក្នុងកសិកម្មផ្សេងៗ និងបន្តពង្រឹងសមត្ថភាពតាមរយះមន្ទីរ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រហូតដល់ទទួលបាននូវភាពជោគជ័យរហូតដល់បច្ចុប្បន្ន។
តាមរយៈការចងជាសហគមន៍បានបង្កើតមុខរបរថ្មីដើម្បីផ្តល់ឱកាសការងារ កាត់បន្ថយចំណាកស្រុកនិងបង្កើនប្រាក់ចំណូលជូនដល់សមាជិកក្នុងសហគមន៍តាមរយៈដំណាំបន្លែសុវត្ថិភាព។
ដោយមានការបោះជំហានទៅ មុខជាបន្តបន្ទាប់តាមរយះការបណ្តុះបណ្តាលពីមន្ត្រីជំនាញ មន្ទីរកសិកម្មខេត្តបាត់ដំបងថែមទាំងបានផ្តល់ការគាំទ្រពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទាំងការសម្របសម្រួលវគ្គបណ្តុះបណ្តាល ការអនុវត្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្របតាមការចូលរួមអនុវត្តយ៉ាងសកម្មពីសមាជិករបស់សហគមន៍ទាំងអស់បានយ៉ាងល្អប្រសើ៕