អាជ្ញាធរនៅតាមព្រំដែនខេត្តបាត់ដំបង បានបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ បានជាង២០០នាក់ហើយ បន្ទាប់ពីមានការស្នើសុំពីភាគីថៃ


ត្រលប់ក្រោយ

16/12/21 15:19 PM

ចំនួនទស្សនា៖

227

ប្រភព៖

បាត់ដំបង

ព័ត៌មានជាសំឡេង

បាត់ដំបង៖ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង លោក ឃឹម ទិព្វមន្នី បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ អាជ្ញាធរនៅតាមព្រំដែនខេត្តបាត់ដំបង បានបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ បានជាង២០០នាក់ហើយ តាមរយៈក្រុមហ៊ុនស្របច្បាប់របស់ភាគីថៃ ដែលបានស្នើសុំ ។  


លោក ឃឹម ទិព្វមន្នី បានបញ្ជាក់ថា បើទោះបីជាប្រទេសទាំង២ កំពុងតែជួបនឹងបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ ដូចគ្នាក៏ពិតមែន តែសម្រាប់ការដឹកនាំបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ គឺត្រូវបំពេញលក្ខខណ្ឌមួយចំនួន ហើយស្ថិតក្រោមការត្រួតពិនិត្យ ពីមន្រ្តីច្រកទ្វារនិងមន្រ្តីមន្ទីរការងារជាដើម ក្នុងនោះត្រូវមានក្រុមហ៊ុន ឬម្ចាស់អាជីវកម្មរបស់ភាគីថៃ មកធានាច្បាស់លាស់។ អ្វីដែលសំខាន់នោះ គឺត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជា ប័ណ្ណព្រំដែន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញ យ៉ាងតិច២ដង ប័ណ្ណពិនិត្យសុខភាពក្រោយការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង ហើយពេលទៅដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័កចំនួន៧ថ្ងៃបន្ថែម រួចធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយម៉ាស៊ីន PCR ម្ដងទៀត ទើបអនុញ្ញាតឱ្យចូលធ្វើការងារបាន ។


លោកបានបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសថៃនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីភាគីថៃ កាលពីដើមខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ តាមរយៈនៃកិច្ចប្រជុំពិភាក្សាគ្នាមួយ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្ដិការរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ក្រោមវត្តមានចូលរួមពីគណៈអភិបាលខេត្តបាត់ដំបង គណៈអភិបាលខេត្តប៉ៃលិន និងគណៈអភិបាលខេត្តចាន់បូរី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសការងារដល់ពលករកម្ពុជាបានចូលទៅធ្វើការក្នុងប្រទេសថៃ ហើយស្របពេលដែលរដូវកាលផ្លែឈើនៅខេត្តចាន់បូរី កំពុងទុំផង ហើយបើសិនជាដំណើរការបញ្ជូនពលករទៅធ្វើការមិនមានបញ្ហាអ្វីនោះទេ ខាងភាគីថៃមានគម្រោងទទួលពលកររហូតដល់២ម៉ឺននាក់ទៅធ្វើការនៅខេត្តចាន់បូរីនេះ ។


លោក ឃឹម ទិព្វមន្នី បានបញ្ជាក់ថា តាមកិច្ចព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃ គឺថៃអនុញ្ញាតឱ្យនាំពលករកម្ពុជា ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមច្រកអន្តរជាតិនេះក្នុងមួយសប្តាហ៍ ត្រូវបានបញ្ជូន២ថ្ងៃ គឺថ្ងៃអង្គារ៍ និងថ្ងៃពុធ ដែលរហូតមកដល់នឹងពេលនេះមានពលករជាង២០០នាក់ហើយ ដែលត្រូវបានបញ្ជូនទៅធ្វើការសាកល្បងនៅខេត្តចាន់បូរីនោះ ហើយបើមិនមានបញ្ហាអ្វីនោះទេ ភាគីថៃនឹងបន្ថែមថ្ងៃ ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត៕




dd
Bottom Ad