17/12/21 10:05 AM
ខេត្តបាត់ដំបង ៖ ក្រោយពីបន្លំឆក់យកទូរស័ព្ទពីកន្លែងលក់បានមួយថ្ងៃ លោកចោរដៃស្អិតម្នាក់ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបាន ពេលកំពុងសំងំប្រព្រឹត្តល្បែង«អ៊ីនធើណេត»មួយកន្លែង នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ធ្នូ ២០២១ ត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ បូ ចាន់ដេត អាយុ២៦ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។ ជននេះ ត្រូវបានកម្លាំងជំនាញការិយាល័យរបស់លោក សហការជាមន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វ៉ាន់ តារ៉ា ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយជននេះប្រព្រឹត្តបទល្មើសមួយថ្ងៃ។ បើតាមរបាយការណ៍សមត្ថកិច្ច កាលពីរសៀលថ្ងៃទី ១៤ ធ្នូ ជនសង្ស័យម្នាក់បានធ្វើជាសួររកទិញទូរស័ព្ទនៅហាងមួយកន្លែង ម្ដុំផ្សារថ្មី (ផ្សារ១៣មករា) ដែលមានម្ចាស់ឈ្មោះ ឆុន ចិន្តា ស្រីអាយុ២៩ឆ្នាំ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
បើតាមប្រភពពីសមត្ថកិច្ចថា ជននេះបានសុំមើលទូរស័ព្ទ លុះម្ចាស់ភ្លេចខ្លួន ក៏ឆក់យកទូរស័ព្ទបានចំនួន០២គ្រឿង រួចឡើងម៉ូតូជិះគេចខ្លួនបាត់តែម្ដង។ ទូរស័ព្ទទាំង០២គ្រឿងនោះ មានមួយគ្រឿងម៉ាក Vivo Y15 និង មួយគ្រឿងទៀតម៉ាក oppo Reno 4។ សកម្មភាពជនសង្ស័យត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅក្បែរនោះ ទើបសមត្ថកិច្ចកំណត់បាននូវភិនភាគជនដៃដល់នេះ រហូតធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានពេលកំពុងប្រព្រឹត្តល្បែង«អ៊ីនធើរណេត»។
ប៉ុន្តែយ៉ាងណា បើតាមលោកឈឿង គឹមសុង បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានម៉ូតូមួយគ្រឿងជាមធ្យោបាយដែលជនដៃដល់ជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស និងទូរស័ព្ទចំនួន០២គ្រឿងដែលជននេះឆក់យកពីជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា កន្លងមកនេះ មុខសញ្ញាដែលប្រព្រឹត្តអំពើចោរកម្មស្ទើរគ្រប់រូបភាពទាំងអស់ ដូចជា «ចោរឆក់ ចោរលួច ចោរកាស់ទម្លុះទម្លាយលំនៅឋាន និងចោរកាច់សោរលួចម៉ូតូ» ជាដើមបាននិងកំពុងបង្កើសកម្មភាពស្ទើរគ្រប់ទីកន្លែង មិនថានៅក្នុងក្រុងបាត់ដំបង ឬ នៅតាមបណ្ដាស្រុកដទៃទៀតឡើយ ។ ប៉ុន្តែសមត្ថកិច្ចនៅតាមមូលដ្ឋានខ្លះ ក្រោយពេលមានអំពើចោរកម្មកើតឡើង មិនបានរាយការណ៍ទៅកាន់ការិយាល័យជំនាញ នៃស្នងការខេត្ត ឬ លោកស្នងការរងទទួលផែនទេ។ ផ្ទុយទៅវិញមន្ត្រីមូលដ្ឋានទាំងនោះបានព្យាយាមលាក់បាំងបទល្មើសដែលកើតឡើងលើទឹកដីខ្លួនគ្រប់គ្រង។ ព្រោះខ្លាចថ្នាក់លើស្ដីបន្ទោសថា «មន្ត្រីមូលដ្ឋានខ្លួនអសកម្មមិនធ្វើការ ទើបបទល្មើសកើតឡើងច្រើននៅក្នុងមូដ្ឋានខ្លួន»។
ការលាក់បាំងបទល្មើសមិនព្រមររាយការណ៍ជូនថ្នាក់លើនេះ ជាហេតុនាំឲ្យមន្ត្រីការិយាល័យជំនាញមានការពិបាកក្នុងតាមដានមុខសញ្ញាជនសង្ស័យ។ ប៉ុន្តែយ៉ាងណាក្ដី បើតាមការកត់សម្គាល់កន្លងមកនេះ ជនសង្ស័យមួយចំនួនក៏ត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់ ដោយកម្លាំងការិយាល័យជំនាញខាងលើដែរ ។ ហើយជនសង្ស័យទាំងនោះភាគច្រើនមានប្រភពចេញពីការប្រព្រឹត្តល្បែងស៊ីសង ដែលលាយឡំជាមួយនឹងការប្រើប្រាសថ្នាំញៀនយ៉ាងសកម្មទៀតផង។ ជាពិសេស ពួកជនល្មើសទាំងនោះលេងល្បែងអ៊ីនធើណេត ដែលកំពុងរីករាលដាលពាសពេញក្រុងបាត់ដំបងនេះតែម្ដង ។
ពេលលេងចាញ់ ពួកគេចេញប្រព្រឹត្តបទល្មើសគ្រប់រូបភាព នៅពេលលួចទ្រព្យសម្បត្តិគេបាន ពួកគេយកទៅលក់នៅកន្លែងទទួលបញ្ចាំ ឬទទួលទិញផលចោរកម្ម ដែលមានគ្រប់ទីកន្លែង ក្នុងក្រុង ពេលលក់បានលុយ ពួកគេយកទៅលេងល្បែងអ៊ីនធើណេតផង ទិញគ្រឿងញៀននៅកន្លែងល្បែង ឬ កន្លែងដទៃទៀតយកប្រើប្រាស់ផង ពេលអស់លុយចេញធ្វើចោរលួចចោរឆក់ទៀត។ ដូច្នេះហើយ ទើបសព្វថ្ងៃ សំបូរលោកចោរច្រើនអណេកដើរចូលច្រមុះ ធ្វើសកម្មភាពគ្រប់ទីកន្លែង មិនថានៅទីប្រជុំជនឬនៅទីជនបទឡើយ៕