17/12/21 14:28 PM
បាត់ដំបង៖ សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រកមហមកម្ពុជា ឯកឧត្ដម តែង គន្ធី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងថា តាមទិសដៅ និងផែនការរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រចយកឆ្នាំ២០២៥ ខាងមុខនេះ គឺជាឆ្នាំដែលត្រូវបញ្ចប់ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្ដម តែង គន្ធី បានបញ្ជាក់ទៀតថា បញ្ហាជំងឺអេដស៍ គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវយកចិត្តទុកដាក់មិនខុសពីបញ្ហាជំងឺកូវីដ-១៩នោះទេ ។ លោក បានបង្ហាញឲ្យដឹងថា គោលដៅនៃការបញ្ចប់ការឆ្លងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ខាងមុខនោះ គឺជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកាកបាទក្រកមហមកម្ពុជា និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ហើយការងារនេះសម្រេចបានជោគជ័យ អាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា ជាពិសេសពីប្រជាពលរដ្ឋផ្ទាល់តែម្តង ។
ការថ្លែងបែបនេះ ក្នុងពេលឯកឧត្ដម តែង គន្ធី បានធ្វើឡើងក្នុងពេលដែលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាខេត្តបាត់ដំបង បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ បញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺឆ្លងរាតត្បាតសកល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីជំរុញកម្លាំងសាមគ្គីភាពជាតិ និងអន្តរជាតិ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ បន្តការខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិនិងពិភពលោកចៀសផុតពីការរើសអើង ពុំមានអេដស៍ ពុំមានជំងឺរាតត្បាតសកល និងពុំមានជំងឺកាចសាហាវផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។ ទិវានេះបានធ្វើឡើង ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសពេញលេញឡើងវិញ ដើម្បីប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងស្តារសង្គម សេដ្ឋកិច្ច ដែលបានធ្លាក់ចុះនៅក្នុងបរិការណ៍កូវីដ-១៩ ។
អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរំលេចឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានចូលរួមផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋាន និងសហគមន៍ ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសស្ត្រីមានផ្ទៃពោះ ដែលមានផ្ទុកមេរោគអេដស៍ឱ្យបានទទួលសេវាថែទាំ និងព្យាបាលបានទាន់ពេលវេលា ក្នុងនោះយើងបានទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ជាមួយនឹងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនបានរហូតដល់៩០% ៕