អភិបាលខេត្តបាត់ដំបង រំលឹកដល់ពលរដ្ឋបន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីហើយ បើនៅតែទន្រ្ទានដីរដ្ឋបន្ថែមទៀត អាជ្ញាធរខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់


ត្រលប់ក្រោយ

17/12/21 14:35 PM

ចំនួនទស្សនា៖

286

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ហើយ ហើយបើនៅតែទន្រ្ទានដីរដ្ឋបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាត់ដំបងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបំពានដីរបស់រដ្ឋ ដោយមិនមានការយោគយល់នោះឡើយ ។ 


ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកនេះបានធ្វើឡើងក្នុងពេល ដែលលោកបានដឹកនាំក្រុមការងាររបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលដល់ម្ចាស់កម្មសិទ្ធិចំនួន២៨០គ្រួសារ ស្មើនឹង៣៤៩ក្បាល មានជាង១,០០០ ហ.ត បន្ទាប់ពីក្រុមការងារបានធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់រួចមក ។


ឯកឧត្ដម ក៏បានបន្តទៀតថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹង QR Code ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់ ។


ឯកឧត្ដម សុខ លូ បានបញ្ជាក់ដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិហើយ ហើយនៅតែបន្តឈូសឆាយ រំលោភបំពានដីព្រៃនិងដីផ្សេងៗទៀតជាសម្បត្តិរបស់រដ្ឋ គឺអាជ្ញាធរខេត្តនឹងធ្វើការចាត់វិធានការទៅផ្លូវច្បាប់ និងរកឲ្យឃើញនូវមេខ្លោងដោយមិនមានការលើកឡើយ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក ត្រូវរក្សាភ្នំធម្មជាតិឲ្យបាន ដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ជាពិសេសជាគោលដៅទេសចរណ៍នាពេលអនាគត ។


ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានរំលឹកដល់ប្រជាពលរដ្ឋថា ប័ណ្ណកម្មសិទ្ធិមួយសន្លឹកនេះគឺពិតជាមានសារសំខាន់ណាស់ ក្នុងការធានានូវសិទ្ធិធ្វើជាម្ចាស់ឬការកាន់កាប់ដីធ្លី ដោយស្របច្បាប់ ជាពិសេសជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លីកើតឡើង ដូច្នេះត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិនេះឱ្យបានគង់វង្ស និងទុកដាក់ឱ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព ហើយប័ណ្ណកម្មសិទ្ធិដីធ្លីធ្វើនេះកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ លើសពីនេះម្ចាស់កម្មសិទ្ធិអាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់នៅធនាគារ ឬគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុនានាបានតាមសេចក្តីត្រូវការ ដូច្នេះការចុះបញ្ជីដីធ្លីពិតជាមានសារសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពដីធ្លីពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួនផងដែរ៕




dd
Bottom Ad